(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បន្ទាប់ពីគំរាមបង្ហោះវីដេអូអាក្រាតកាយរបស់នារីម្នាក់ ដែលធ្លាប់ផ្ញើឲ្យខ្លួនមើលតាម Facebook។ ការគំរាមបង្ហោះនេះ ធ្វើឡើងដោយសារតែខឹងនារីរងគ្រោះ ឈប់ផ្ញើវីដេអូអាក្រាតកាយឲ្យខ្លួនមើលទៀត។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនសង្ស័យដែលគំរាមបង្ហោះវីដេអូអាក្រាតកាយនារីរងគ្រោះនេះ ឈ្មោះ នៅ ចិន្តា អាយុ៣១ឆ្នាំ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល។

ចម្លើយសារភាពរបស់ជនសង្ស័យ បានអះអាងថា អំឡុងឆ្នាំ២០២០ ខ្លួនប្រើប្រាស់គណនី Facebook ឈ្មោះ Hea Da បានទាក់ទងស្គាល់គ្នា ព្រមទាំងលេងឆាតជាមួយជនរងគ្រោះអាយុ១៦ឆ្នាំ រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បន្ទាប់ខ្លួនបានលួងលោមឲ្យជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឲ្យមើល។

លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានគំរាមឲ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឲ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ។ នៅពេលនោះ បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា (បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេ នឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះបង្ហោះជាសាធារណៈតែម្ដង)។

ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕