(សៀមរាប)៖ គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក បានកោតសរសើរដោយស្មោះដែលប្រទេសកម្ពុជាផលិតគ្រាប់ស្វាយចន្ទីមានគុណភាពល្អដាច់គេបានជាង១លានតោន ក្នុង១ឆ្នាំ និងបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការផ្សព្វផ្សាយវិស័យស្វាយចន្ទីកម្ពុជា ទៅកាន់សកលលោក តាមរយៈសន្និសីទស្វាយចន្ទីពិភពលោក ដែលអាចទាក់ទាញភាគីពាក់ព័ន្ធជាច្រើនមកពីបណ្តាប្រទេសសំខាន់ៗចំនួន៤០-៥០ ដែលប្រទេសដាំដុះស្វាយចន្ទី ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃ ក្រុមហ៊ុនទិញផលិតផលស្វាយចន្ទី ក្រុមហ៊ុនវិយោគទុន និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។

ការកោតសសើរបែបនេះ របស់គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក បានធ្វើឡើងនៅក្នុងឱកាសដែលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យគណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក រួមមាន៖ លោក Srivatsava G នាយកប្រតិបត្តិ និងលោក Vinayak Meharwade នៃក្រុមហ៊ុន Eventell Global Advisory Private Limited និងលោកអាន តារា ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្វាយចន្ទីកម្ពុជា បានចូលជួបសម្តែងការគួរសម និងជជែកពិភាក្សា ប្រឹក្សាយោបល់ និងសុំគោលការណ៍ណែនាំ ដើម្បីរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅលើទឹកដីអង្គរ ទីរួមខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក បានបន្តថា លើសពីចំណីអាហារដែរជួយសុខភាពរបស់មនុស្ស ផលិតផលស្វាយចន្ទីអាចយកទៅកែច្នៃក្នុងគោលបំណងផ្សេងៗរួមមាន សាច់ផ្លែស្វាយចន្ទីជាអេតាណុល សម្បកស្វាយចន្ទីចម្រាញ់ជាប្រេង ឬជីវឥន្ធនៈ កំទិចសម្បកដែលបានចម្រាញ់រួចជាប្រភពចំហេះយ៉ាងល្អក្នុងឧសហ្សាហកម្ម និងជាពិសេសជាងនេះទៅទៀតនោះដំណាំ និងផលិតផលស្វាយចន្ទីផ្តល់ឥណទានកាបូនខ្ពស់សម្រាប់ជួយចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុបានយ៉ាងខ្លាំងផងដែរ។

អង្គប្រជុំសង្ឃឹមយ៉ាងមុតមាំថា សន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរួមចំណែកគាំទ្រគោលនយោបាយជាតិស្វាយចន្ទី និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយជាអធិរាជស្វាយចន្ទីក្នុងការផលិតគ្រាប់ស្វាយចន្ទីទាំងបរិមាណ គុណភាព និងធ្វើការកែច្នៃនាំចេញទៅកាន់ទីផ្សារធំៗនៅលើពិភពលោក៕