(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនជនរួមជាតិ និងបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមនោះទេ! នេះបើយោងតាមសារពិសេសរបស់សម្តេចតេជោ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន​ បានទទួលព័ត៌មានពី សម្តេចពិជ័យសេនា ទៀ បាញ់ ថាមានការលក់សំបុត្រសម្រាប់ទស្សនាព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នាពេលខាងមុខ។ សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយប្រាក់ រាប់ទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាងនៃការប្រកួត។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ដូច្នេះ ខ្ញុំគឺមិនយល់ព្រមជាដាច់ខាត ចំពោះការឱ្យមានការលក់សំបុត្រទាំងពេលចូលបើក និងចូលបិទ ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត ក្នុងការប្រកួតស៊ីហ្គេម ខ្ញុំមិនយល់ព្រមដាច់ខាត ជាមួយនឹងការធ្វើបែបនេះ លឺថាមានការផ្សព្វផ្សាយនៅតាមវេបសាយខាងផ្នែកកីឡា មិនមានការអនុញ្ញាតណាមួយពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយក៏កាន់តែគ្មានការអនុញ្ញាតពីខ្លួនខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញបទបញ្ជាចំនួន៣ ដើម្បីដោះស្រាយបញ្ហានេះភ្លាមៗ ក្នុងនោះរួមមាន៖

ទី១៖ មិនឱ្យមានការលក់សំបុត្រ ទាំងការចូលបើក និងចូលបិទកីឡា
ទី២៖ ឱ្យពលរដ្ឋចូលទស្សនាដោយសេរី គ្មានការបង់ប្រាក់
និងទី៣៖ សម្រាប់ការប្រកួតតាមវិញ្ញាសារនានា ក៏មិនត្រូវឱ្យបង់ថ្លៃណាមួយឡើយ

សម្តេចតេជោនាយករដ្ឋមន្ត្រីបានព្រមានថា សម្រាប់ក្រុមណាមួយ ផ្នែកណា ដែលអនុវត្តផ្ទុយនឹងបទបញ្ជារបស់សម្តេចពេលនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខច្បាប់ទៀតផង។

«យើងបានធ្វើកិច្ចការច្រើនហើយ សូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ ធ្វើបុណ្យ ១០០សំពៅទោសមួយចូលទៅ រលាយបាត់អស់ ! សូមចាំនូវពាក្យនេះ យើងចាយលុយអស់រាប់រយលានដុល្លារ តើយើងប្រមូលលុយតាមរយៈការលក់សំបុត្រឱ្យជនជាតិឯង ដែលត្រូវចូលទស្សនានេះរបៀបម៉េចទៅ តើបានប៉ុន្មា​នទៅ បើអ្នកទាំងអស់គ្នាចង់បានលុយ សូមមកទទួលយកលុយពីខ្ញុំ ខ្ញុំទទួលខុសត្រូវ»។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។

សម្តេចមិននឹកស្មានថាមានមន្ត្រីរបស់កម្ពុជាមួយចំនួន ដែលខ្វះការយកចិត្តទុកដាក់លើបញ្ហានេះ។ សម្តេចបានអះអាងថា សម្តេចក៏កំពុងរកនរណាដែលទទួលខុសត្រូវចំពោះការផ្សព្វផ្សាយលើការលក់សំបុត្រនេះ ដែលនេះមិនមែនជាកំហុសរបស់ សម្តេចពិជ័យសេនា នោះឡើយ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/129339