(ភ្នំពេញ)៖ ប្រធានក្រុមយុវជន លោក ហេង សំណាង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ តាមរយៈវីដេអូ បានលើកឡើងថា ទណ្ឌិត សម រង្ស៉ី អាចនៅពីក្រោយខ្នងហេតុការណ៍បោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ និងអំពើឃាតកម្មនានានៅកម្ពុជា ដើម្បីកេងចំណេញនយោបាយ។

យុវជន ហេង សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំចង់ធ្វើការបកស្រាយអំពីករណីរបស់ទណ្ឌិត សម រង្ស៉ី ដែលគាត់តែងតែងយករឿងថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មកកេងចំណេញនយោបាយ ដោយពាក់ព័ន្ធនឹងមនោគមន៍វិជ្ជារបស់គាត់ អាចបណ្តាលឱ្យមានផលប៉ះពាល់ធ្វើឱ្យប្រទេសកម្ពុជា រងនូវមនោគមន៍វិជ្ជាដែលមិនចំណេញដល់ប្រទេសជាតិ»

យុវជន ហេង សំណាង បានគូសបញ្ជាក់ថា ជាក់ស្តែងនៅឆ្នាំ១៩៩៧ ទណ្ឌិត សម រង្ស៉ី បានចូលរួមដឹកនាំបាតុករនៅមុខរដ្ឋសភា ដើម្បីទាមទារការតវ៉ានូវអ្វីដែលគាត់ចង់បាន ប៉ុន្តែ ក្នុងនាមជាយុវជនសង្គមស៉ីវិល ក៏ដូចជាសិស្សនិស្សិត យើងសង្កេតឃើញថា គាត់ (ទណ្ឌិត សម រង្ស៉ី) តែងតែយករឿងជាច្រើនឆ្នាំមកនេះ កេងចំណេញនយោបាយ។

បន្ថែមពីនេះ លោក ហេង សំណាង បានបន្តថា តាមរយៈការយករឿងព្រឹត្តិការណ៍បោកគ្រាប់បែកនៅមុខរដ្ឋសភា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មកឃោសនាដដែលៗ បានធ្វើឱ្យយុវជនបានដឹងពីអំពើពុតត្បុតនៃនយោបាយរបស់ទណ្ឌិត សម រង្ស៉ី។

លោក ហេង សំណាង បានបន្តថា ចំពោះករណីនេះ លោក សម រង្ស៉ី និងអ្នកផ្សេងអាចជាជនទី៣ មកប្រព្រឹត្តអំពើបោកគ្រាប់បែកនៅក្នុងហ្វូងបាតុករ ដើម្បីកេងចំណេញនយោបាយទាំងជាតិ និងអន្តរជាតិ ក្នុងការដាក់បន្ទុកលើរាជរដ្ឋាភិបាលស្របច្បាប់។ វាមិនខុសពីករណីរឿងលោក ជា វិជ្ជា លោក ឈុត វុទ្ធី លោកបណ្ឌិត កែម ឡី ក៏អាចទាក់ទិននឹងនយោបាយនោះដែរ៕

សូមទស្សនាវីដេអូ របស់យុវជន ហេង សំណាង ទាំងស្រុងដូចខាងក្រោម៖