(ភ្នំពេញ)៖ លោកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ក្នុងអត្ថន័យរំលឹកដល់លោកគ្រូ អ្នកគ្រូទាំងអស់ទូទាំងប្រទេសនូវគុណូបក្ការ: ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចបញ្ចូលក្របខណ្ឌគ្រូបង្រៀនខ្មែរឥស្លាមទូទាំងប្រទេសជាង ១,៦០០នាក់ ចំខែដ៏ពិសិដ្ឋ គឺខែរ៉ម៉ាទន តាំងពីឆ្នាំ២០១៥ ដោយគិតមកដល់ឆ្នាំនេះ មានរយៈពេល ៧ឆ្នាំហើយ។

លោកចាងហ្វាង បានបង្ហោះសាររបស់ខ្លួននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារជារួមដូចខាងក្រោម៖

បងប្អូនបណ្ដាលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមជាង១,៦០០នាក់ ទូទាំងប្រទេសជាទីនឹករឭក រាប់អាន សូមកុំភ្លេចថា ខែរ៉ម៉ាទន ជាខែពើរកាត់ (ខែចំរើន) ហើយក្នុងខែរ៉ម៉ាទននេះហើយ ដែលលោកគ្រូ អ្នកគ្រូបានផ្ដើមទទួលប្រាក់ខែ ពីរាជរដ្ឋាភិបាល ពិសេសពីសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាល ដែលជាកាដូមួយដ៏មានតំលៃដែលមិនអាចកាត់ថ្លៃបាន ពោលតាំងតែពីខែរ៉ម៉ាទនឆ្នាំ២០១៥មក ដែលមានរយៈកាលចំនួន៧ឆ្នាំកន្លងផុតទៅហើយ។

ក្នុងនាមខ្ញុំជាចាងហ្វាងបានរំឭកឡើងវិញនេះ ដើម្បីដាស់អារម្មណ៍បណ្ដាលោកគ្រូ អ្នកគ្រូយើងទាំងអស់ ក៏ដូចជាសិស្សានុសិស្សមុស្លីម និងបងប្អូនសាសនិកមុស្លីមីនទូទាំងប្រទេស ឲ្យនឹកឃើញឡើងវិញនូវឧបការគុណដ៏ថ្លៃថ្លាទាំងនេះ នៅក្នុងខែរ៉ម៉ាទនរបស់យើង ដែលបញ្ជាក់ថាខែមូបារឹក (ខែចំរើន)ពិតៗ ដែលយើងក៏ត្រូវតែស៊ូកូរអល់ឡោះផងដែរ។

ណាពីបានប្រាប់យើងថា (التحدث بنعمة الله شکر، وترکها کفر) ដែលមានអត្ថន័យថា «ការនិយាយគ្នា» រំឭកឡើងវិញអំពីនាក់ម៉ាត់ (លាភសក្ការៈដែលមានកន្លងមក) គឺជាការដឹងគុណ ហើយការបោះបង់ (បំភ្លេចចោល មិនយកមកនិយាយ) គឺជាភាពគូហ្វូរ (ភាពរមិលគុណ ល្មើសគុណ)។ ដូច្នេះសូមបណ្ដាលោកគ្រូ អ្នកគ្រូកុំបំភ្លេចគុណបំណាច់ដ៏ធំនេះ ហើយនាំគ្នាសងគុណនេះវិញ ដោយខិតខំបង្រៀនអោយអស់ពីលទ្ធភាព។

សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបតែបានចូលរួមស្រាយបួសជាមួយបងប្អូនសាសនិកឥស្លាមកម្ពុជាជាង ៦,០០០នាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយសម្ដេចតេជោ បានលើកឡើងអំពីសារដ៏មានសារៈសំខាន់ជាច្រើននៅក្នុងពិធីជួបជុំនេះផងដែរ៕