(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនឱ្យយកលុយសម្រាប់ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បែបនេះ «សម្តេចតេជោ បញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្កេម៣២ នៅកម្ពុជាទេ»។
នាពេលកន្លងទៅមានប្រទេសសមាជិកកីឡាស៊ីហ្គេម ធ្លាប់បានបង្ហាញការប្រតិកម្មចំពោះការយកថ្លៃផ្សាយបន្តទៅក្រៅប្រទេសថា មានតម្លៃថ្លៃ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ដែរថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនយកថ្លៃចូលទស្សនាការប្រកួត និងការផ្សព្វផ្សាយ នៃការប្រកួតចេញទៅក្រៅប្រទេសដោយឥតគិតថ្លៃ សម្រាប់ផ្សាយបន្តផ្ទាល់»។
ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលប្រារព្ធធ្វើឡើងជាលើកដំបូងនៅកម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងជាមោទនភាពមួយសម្រាប់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ចាប់យកការរៀបចំព្រឹត្តិការណ៍នេះ ជានយោបាយការទូតមួយ ដើម្បីលើកតម្កើងកិត្តិស័ព្ទរបស់កម្ពុជា។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមនេះដែរ នៅថ្ងៃទី៣០ ខែមីនា សម្តេចតេជោ ហ៊ុន សែន ទើបនឹងប្រកាសលុបចោលការយកថ្លៃសំបុត្រសម្រាប់ការចូលទស្សនាគ្រប់វិញ្ញាសារប្រកួតទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការប្រតិកម្មជាខ្លាំងចំពោះការលក់សំបុត្រនេះ។ សម្តេចតេជោ បានចាត់ទុកទង្វើនេះ ជាការបំផ្លាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំព្រឹត្តិការណ៍នេះ៕