(ត្បូងឃ្មុំ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពកងទ័ព បង្កើនពលានុភាពកងទ័ព ដើម្បីធានាការការពារសុខសន្តិភាពដែលរកបានដោយលំបាក និងត្រៀមឆ្លើយតបទៅនឹងហេតុការណ៍ដែលអាចកើតមាន ហើយក៏ដើម្បីពង្រឹងការការពារជាតិមាតុភូមិឱ្យស្ថិតស្ថិរជានិរន្តរ៍ផងដែរ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចពិជ័យសេនា ធ្វើឡើងក្នុងពិធីសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ចំនួន៤៩រូប នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ហេតុដែលកម្ពុជាត្រូវតែពង្រឹងសមត្ថភាពកងទ័ពនោះ គឺដើម្បីរក្សាការពារសុខសន្តិភាព និងត្រៀមឆ្លើយតបទៅនឹងហេតុការណ៍ដែលអាចកើតមាន ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ហើយក៏ដើម្បីពង្រឹងការការពារជាតិមាតុភូមិឱ្យស្ថិតស្ថិរផងដែរ។ កម្ពុជាមិនអនុញ្ញាតឱ្យក្រុមណាមួយមកបំផ្លាញសន្តិភាពដែលរកបានដោយលំបាកលំបិននោះឡើយ។
សម្ដេច ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «វិធីថែរក្សាសន្តិភាព គឺមានច្រើនរឿងណាស់ .... ក្នុងនោះកងទ័ពក៏ជាផ្នែកមួយដែលសំខាន់ ជាស្នូល...»។
សម្ដេចពិជ័យសេនាបានបន្តទៀតថា ក្នុងការពង្រឹងសមត្ថភាពកងទ័ព កម្ពុជាធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបាន រាប់ទាំងការហ្វឹកហ្វឺនក្នុងប្រទេស ការបណ្ដុះបណ្ដាល ការបញ្ជូនទៅបរទេស ការធ្វើសមយុទ្ធ ការហ្វឹកហាត់លើភាពជាក់ស្ដែងទាំងឡាយ ដើម្បីបង្កើនសមត្ថភាពនិងពលានុភាពរបស់កងទ័ពឱ្យបានខ្លាំងក្លាជានិច្ចនិរន្តរ៍ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលអាចកើតឡើងប៉ះពាល់ដល់សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងប្រជាជន។
បើតាមការដាស់តឿនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ កងទ័ពត្រូវបំពេញការងារការពារសន្តិភាព ការឯកភាពពេញលេញ ជាតិមាតុភូមិ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពរបស់ប្រជាជនគ្រប់ពេលវេលា មិនអាចធ្វេសប្រហែស ឬបណ្ដែតបណ្ដោយឱ្យពួកណាមកបំផ្លិចបំផ្លាញបានឡើយ ពីព្រោះសន្តិភាពនេះគឺរកបានដោយលំបាកខ្លាំងណាស់ ទម្រាំរកបានដូចពេលបច្ចុប្បន្ននេះគឺត្រូវបាត់បង់ជីវិតមនុស្សមិនតិចទេ៕