(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការ ទៅលើក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន៥នាក់ ដែលចាប់បង្ខាំងជនជាតិចិន ជំរិតទារប្រាក់រហូតដល់១០លានដុល្លារពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីជនជាតិចិនខាងលេី តំណាងអយ្យការបានសម្រេចចោទប្រកាន់ហើយពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ ធ្វេីទារុណកម្មដេីម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
សូមរំលឹកថា ឧក្រិដ្ឋជនជនជាតិចិន ចំនួន៥នាក់នេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ទាក់ទិនករណីនេះ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមដែរថា ករណីនេះក្រុមជនល្មើស បានចាប់ជំរិតទារប្រាក់ពីជនរងគ្រោះរហូតដល់១០លានដុល្លារ មិនមែន១លានដុល្លារនោះទេ។
ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។
បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣៕