(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់កាកាបទី១ បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន៥៦២នាក់​ នៅមន្ទីរបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សរាជធានី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ឃុត ចាន់ដារ៉ា តំណាងរាស្ត្រមណ្ឌលរាជធានី, លោក ក្រូច ផាន ប្រធានគណបក្សខណ្ឌពោធិ៍សែនជ័យ, លោក ម៉ម ម៉ាលី ប្រធានក្រុមការងារ និងសមាជិកក្រុមការងារ ចុះសង្កាត់កាកាបទី១ ជាច្រើននាក់ទៀត។

បន្ទាប់ពីលោកស្រី ទៀប វណ្ណរឿង ប្រធានគណបក្សសង្កាត់អានសេចក្តីសម្រេច យល់ព្រមបញ្ចូលសមាជិកបក្សទាំង៥៦២នាក់ រួចមក កញ្ញា ជា នីតា តំណាងសមាជិកថ្មី ធ្វើសេចក្តីប្តេជ្ញាចិត្ត គាំទ្រយ៉ាងពេញទំហឹងគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅគ្របកាលៈទេសៈ ពិសេសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅគ្រប់អាណតិជាបន្តបន្ទាប់ គាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអនាគត។

ថ្លែងសំណេះសំណាលផ្តាំផ្ញើ លោក ម៉ប់ សារិន សំដែងការកោតសរសើរចំពោះការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់ក្មួយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានផ្តាំផ្ញើឲ្យក្មួយចលនាបងប្អូនសាច់ញាតិ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ទាំងអស់គ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ។

ក្នុងកម្មវិធីនេះ ក៏មានចែកជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នូវថវិកាម្នាក់ៗ២០,០០០រៀលផងដែរ៕