(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសទទួលស្វាគមន៍ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណកប្សប្រជាជនកម្ពុជា។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក សួង សុភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រិត្យតែងតាំង លោក សួង សោភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី»

សម្តេចតេជោ ហ៊ុន សែន បានជូនពរ លោក សួង សុភ័ណ្ឌ ជួបតែសេចក្តីសុខសេចក្តីចម្រើនផងដែរ។

ការប្រកាសស្វាគមន៍នេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានទទួលវីដេអូរបស់ លោក សួង សុភ័ណ្ឌ ដែលថ្លែងការណ៍ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែចង់បម្រើប្រជាពលរដ្ឋដោយផ្ទាល់។

លោក សួង សុភ័ណ្ឌ ធ្លាប់ជាអតីតសមាជិកក្រុមប្រឆាំង ដែលធ្លាប់ជាប់ពន្ធនាគារផងដែរ។ ប៉ុន្តែក្នុងវីដេអូ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ លោកប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា។ លោកមិនចង់ឃើញប្រទេសកម្ពុជា បែកបាក់ដោយសារមនោគមន៍វិជ្ជាណាមួយទេ៕