(ភ្នំពេញ)៖ រយៈពេលប្រមាណ ១០ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសី​ហនុ បានទាក់ទាញសហគ្រាសសរុប១៧៥ ចូលមកបោះទុនវិនិយោគ និងផ្តល់​ឱកាស​ការ​ងារ​ជិត​ ៣ម៉ឺនកន្លែង ហើយទំហំទឹកប្រាក់នៃការនាំចេញ​ និងនាំ​ចូលរបស់​សហគ្រាស​ក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងក្នុងស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការសហការគ្នារវាងក្រុមហ៊ុន Hodo group ក្រុមហ៊ុន Wuxi Huatai Investment and Property Co., Ltd. និងក្រុមហ៊ុន Cambodia International Investment Development Group Co.,ltd។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាង នៅខែកុម្ភៈ ឆ្នាំ២០០៨។ ចាប់តាំងពីពេល​នោះមកតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសី​ហនុ បានពន្លឿនការសងសង់ជា​បន្ត​បន្ទាប់។​ ជាពិសេសចាប់តាំងពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ត្រូវបានលើក​ឡើង​ដប់ឆ្នាំកន្លងមក តំបន់សេដ្ឋកច្ចពិសេស​បាន​ឆក់យកឱកាសនេះ ខិតខំប្រឹង​ប្រែង​​ឆ្ពោះទៅមុខ ក្លាយជាគម្រោងដ៏សំខាន់​មួយនៃ​ការ​កសាងរួមគ្នា «ខ្សែក្រវាត់ និងផ្លូវ» រវាងប្រទេសចិន និងកម្ពុជា។

១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបាន​សមិទ្ធិផល​អភិ​វឌ្ឍន៍ជាផ្លែផ្កាជាច្រើន, ១០ឆ្នាំនៃការសាងសង់ «ខ្សែក្រវាត់មួយ និងផ្លូវមួយ» ហើយ​ក៏​ជា ​១០​ឆ្នាំ​នៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងការបន្តធ្វើឱ្យប្រសើរឡើង​តំបន់​សេដ្ឋ​កិច្ច​ពិសេសក្រុងព្រះសីហនុ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សមិទ្ធផលក្នុងការ​ទទួលខុសត្រូវផ្នែកឧស្សាហ​កម្ម ត្រូវបាន​ពង្រឹង​ជាបន្តបន្ទាប់។ សមិទ្ធផលទាំងនោះមានដូចជា អាង​ប្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់ រោងចក្រចំហាយផ្គុំជាមួយអគ្គិសនី អគារអាផាតមិនបុគ្គលិក អន្តេ​វា​សិកដ្ឋាន​សម្រាប់កម្មករនិយោជិតខ្មែរ មជ្ឈមណ្ឌលនេប៉ីហូដ ហ្សេនថើ ប៉ុស្តិ៍សុខ​ភាពប៉ុណ្ណោះទេ ថែមទាំងកសាងមជ្ឈមណ្ឌលសេវាផ្នែកច្បាប់ វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យាក្រុងព្រះសីហនុ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិនខេត្ត​ព្រះ​សីហនុ ព្រមទាំងរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងទីក្រុង ការរួមបញ្ចូលគ្នារវាង ឧស្សាហកម្ម និងការអប់រំ ដែលជំរុញគ្នាទៅវិញទៅមក។

១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានប្រកាន់ខ្ជាប់ការរួម បញ្ចូល​គ្នារវាងការកសាងអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ខិតខំទាក់ទាញសហគ្រាសឧស្សាហកម្មយ៉ាងសកម្ម និងឈរមូលដ្ឋាន ដែលមានសហគ្រាសឧស្សាហកម្មអតិពលកម្មពីដើម ទាក់ទាញសហគ្រាសមាន ទ្រង​ទ្រាយធំ ឧស្សាហកម្មពឹងផ្អែកលើធនធានកំពង់ផែ និងឧស្សាហកម្ម​គាំទ្រក្នុង​ខ្សែសង្វាក់ផលិតកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងលើវិស័យ​ឧស្សាហកម្ម​ក្នុងតំបន់។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានអភិវឌ្ឍយ៉ាងខ្លាំង នៅឆ្នាំ២០១៣ មាន​សហគ្រាសរោងចក្រចំនួនសរុប៥៤ មានកម្មករនិយោជិតប្រមាណ ៩,០០០នាក់ បម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ន បាន​ក្លាយទៅជាសួនឧស្សាហកម្មអន្តរជាតិ ដែលបានទាក់ទាញសហគ្រាស (ក្រុមហ៊ុន) ចំនួន១៧៥ មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តា​ប្រទេស​ក្នុង​តំបន់ផ្សេងៗទៀត ដែលបានបង្កើតឱកាសការងារជិត ៣០,០០០កន្លែង។

ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញរបស់សហគ្រាសក្នុងតំបន់ បានកើនឡើងពី ១៣៩លានដុល្លារ ក្នុងឆ្នាំ២០១៣ ដល់ ២,៤៩៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលបានបង្កើនកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្ម​របស់​កម្ពុជា បានក្លាយទៅជា «ក្បាលម៉ាស៊ីន» នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច​ខេត្តព្រះ​សីហ​នុ និង «ចានបាយមាស» របស់ប្រជាជន។

រយៈពេល១០ឆ្នាំកន្លងមកនេះ ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ បានជំរុញការអភិវឌ្ឍន៍ភូមិជុំវិញរបស់តំបន់សេដ្ឋកិច្ចពិសេស។

លោក មាច ចាន់ មេឃុំបិតត្រាង បាននិយាយដោយ​ក្តីរំជួល​ចិត្តថា «ដោយពឹងផ្អែក តំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជីវភាពរស់នៅរបស់​អ្នកភូមិយើង​ខ្ញុំ កាន់​តែ​សម្បូរ​ធូរធា។ ពីមុនគ្រួសារនីមួយៗមានតែម៉ូតូមួយគ្រឿង ឬគ្មានម៉ូតូ ប៉ុន្តែនាពេល​បច្ចុ​ប្បន្ន​នេះ អ្នកភូមិជាច្រើនបានបម្រើ​ការងារនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះ​សីហនុ ប្រាក់ចំណូលមានការកើនឡើងជាបន្តបន្ទាប់ គ្រួសារខ្លះបានទិញ​ម៉ូតូពីរ​ ទៅ​បីគ្រឿង ហើយគ្រួសារខ្លះបានទិញរថយន្តថែមទៀតផង។ តំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ បានជំរុញការអភិវឌ្ឍន៍ឃុំបិតត្រាំង និងស្រុកព្រែនប់»

លោក ប៉េ កិន ជាបុគ្គលិកដែលកំពុងបម្រើការងារនៅក្រុមហ៊ុនអេនថេរិកស៍ (ខេម​បូឌា) អ៉ិនដាសស្ទៀល ដែលជាក្រុមហ៊ុនមានទីតាំង​ស្ថិតនៅតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហុន។ លោក ប៉េ កិន ទទួលបន្ទុកក្នុងការជួសជុលម៉ាស៊ីន។ ​ធ្វើ​​ការ​នៅ​ក្រុមហ៊ុន​អស់​រយៈពេល ៧ឆ្នាំមកនេះ លោកបានក្លាយ​ពីបុគ្គលិក​ធម្មតា​ទៅ​ជា​ប្រធានផ្នែក ប្រាក់ចំ​ណូល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ ​បច្ចុប្បន្ននេះ លោក ប៉េ កិន បានប្តូរពីជិះម៉ូតូ ទៅ​ជិះរថយន្ត ហើយបានសាងសង់ផ្ទះថ្មី ជីវភាពរស់​នៅ​កាន់​តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងនាមជាអ្នកភូមិមានដើមកំណើតនៅភូមិពូធឿង ដែលជាភូមិមួយ​ស្ថិតនៅជុំវិញ​តំប​ន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក ប៉េ កិន ក៏បានឃើញស្រុកកំណើត​របស់​លោកមានការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង។ លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំនៅតែរងចាំថា ពីមុន​ផ្លូវ​នៅភូមិខ្ញុំតូចណាស់ សុទ្ធតែជាផ្លូវដី និងផ្ទះសាមញ្ញ អ្នកជិតខាងខ្ញុំ​ខ្លះមាន​ជីវភាព​រស់​យ៉ាងលំបាក។ ពេលនេះអ្វីៗទាំងអស់សុទ្ធតែខុសគ្នាពីមុន ជីវភាពរស់នៅ​របស់​អ្នក​ទាំងអស់គ្នា កាន់តែល្អប្រសើរ មនុស្សជាច្រើនបានរស់នៅផ្ទះធំ ហើយក៏មាន​ហាង​​លក់ដូរជាច្រើននៅតាមផ្លូវ ផ្លូវក៏កាន់តែធំទូលាយ។ ដោយសារ​ទទួល​បាន​អត្ថ​ប្រយោជន៍ពីការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សព្វថ្ងៃនេះ ភូមិពូ​ធឿង បានបាត់បង់ផ្ទះស្បូវ ហើយជំនួសមកវិញដោយផ្ទះថ្មចម្រុះពណ៌ នៅតាមដង​ផ្លូវ​ពោរ​ពេញដោយផ្សារទំនើប ហាងលក់ទូរស័ព្ទដៃ ហាងសម្លៀកបំពាក់ ហាងស្បែក​ជើង និងមួក និងឱសថស្ថានជាដើម។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាន​នឹង​កំពុងបញ្ចូលកម្លាំងក្នុងការជួយអ្នកភូមិ ឱ្យបោះជំហានទៅកាន់​មាគ៌ា​ដ៏ធំទូលាយ​នៃជីវិតសម្បូរបែប»

១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាក់ឫសយ៉ាង​ជ្រៅ ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន ទទួលបានផ្លែផ្កាដ៏ស្តុកស្តម្ភ។ ក្នុង​រយៈ​ពេល​១០ឆ្នាំកន្លងមក តំបន់ពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់​នូវ​គោល​គំនិតអភិវឌ្ឍន៍ «រួមគ្នាឈ្នះទាំងប្រាំបីភាគី» ជាមួយម្ចាស់ភាគហ៊ុន បុគ្គលិក អតិ​ថិជន អ្នកផ្គត់ផ្គង់ ដៃគូរសហការ រដ្ឋាភិបាល បរិស្ថាន និងសង្គម (សហគមន៍) និងប្រកាន់ខ្ជាប់ដើរតាមផ្លូវនៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព ដើម្បីស្រោចស្រព​នូវ​ផ្កានៃមិត្តភាពចិន-កម្ពុជា។ ប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព និងចាត់វិធានការជាក់ស្តែងដើម្បីស្រោចស្រពនូវផ្កានៃមិត្តភាពរវាងចិន និងកម្ពុជា។

ស្ថិតក្នុងដំណើរការអភិវឌ្ឍ និងសាងសង់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាន​យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបំពេញទំនួលខុសត្រូវក្នុងសង្គម ហើយ​បានខិតខំផ្តល់ផលប្រយោជន៍នៃការអភិវឌ្ឍន៍ជូនទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន។ រួមទាំងការបរិច្ចាគថវិកាសាងសង់សាលារៀនក្នុងមូលដ្ឋាន បរិច្ចាគ​យ៉ាង​​សកម្មជូនដល់កាកបាទក្រហមកម្ពុជា ព្រមទាំងបានបរិច្ចាគអង្ករ ភួយ ទឹក​ពិសាជាដើម ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ​គ្រោះមហន្តរាយ​នៅក្នុង​ស្រុក​ព្រៃនប់ ឃុំបិតត្រាំង និងបានបរិច្ចាគមុងដល់ស្ត្រីក្រីក្រ ថែមទាំងបរិច្ចាគ​គាំទ្រ​វិស័យ​អប់រំផងដែរ ដោយលើកទឹកចិត្តឱ្យបុគ្គលិក​ក្រុមហ៊ុន ទៅជួយសិស្សា​នុសិស្ស​ក្រីក្រ​រហូតដល់ពេលពួកគាត់បានបញ្ចប់ការសិក្សា។

លើសពីនេះទៅទៀត តំបន់សេដ្ឋ​កិច្ចពិសេសក្រុងព្រះសីហនុ ក៏បានធ្វើសកម្ម​ភាព​សប្បុរសធម៌ជារៀងរាល់ឆ្នាំតាមរយៈ «អង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌​សាធារណៈ​មិត្តភាពកម្ពុជា-ចិន»

ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានដើរតួនាទីជាស្ពាន​ចម្លង​យ៉ាងពេញលេញ ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង​ខេត្ត​ព្រះសីហនុ និងខេត្តជាំងស៊ូ លើវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​ថែទាំសុខភាព ការអប់រំ និងវប្បធម៌ ដែលបានលើកកម្ពស់ទំនាក់​ទំនង​ប្រជាជន និង​ប្រជាជន​រវាងកន្លែងទាំងពីរប្រកបដោយប្រសិទ្ធភាព។

ទាក់ទងនឹងវិស័យសុខាភិបាល រដ្ឋបាលប្រជាជនខេត្តជាំងស៊ូ បានបានបញ្ចូន​ក្រុម​គ្រូពេទ្យជំនួយបរទេសខេត្តជាំងស៊ូ បានមកចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិត​ថ្លៃនៅខេត្តព្រះសីហនុ និងកន្លែងផ្សេងៗចំនួន៦លើកជាប់ៗគ្នា ហើយបានពិនិត្យ និងព្យាបាលអ្នកជំងឺក្នុងខេត្តព្រះសីហនុជិត ៨,៣០០នាក់។

បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវិត១៩ រដ្ឋបាលខេត្តជាំងស៊ូ បានបរិច្ចាគថ្នាំ Lianh​ua Qingwen ដល់រដ្ឋបាលខេត្តព្រះសីហនុ កាកបាទក្រហមខេត្តជាំងស៊ូ និងកាក​បាទ​ក្រហមទីក្រុងវូស៊ី បានបរិច្ចាគម៉ាស់ និងសម្លៀកបំពាក់ការពារ​ជូនដល់កាក​បាទ​ក្រហមខេត្តព្រះសីហនុ។ រដ្ឋបាលប្រជាជនក្រុងវូស៊ី និង និងមន្ទីសុខាភិបាល​ខេត្ត​ព្រះ​សីហនុ និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមគ្នាសាង​សង់​ប៉ុស្តិ៍សុខភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីផ្តល់សេវាព្យា​បាល​ងាយ​ស្រួលសម្រាប់បុគ្គលិកក្នុងតំបន់ និងអ្នកភូមិជុំវិញទីនេះ។

នៅខែធ្នូ ឆ្នាំ២០២១ មន្ទីរពេទ្យប្រជាជនក្រុងវូស៊ី និងប៉ុស្តិ៍សុខភាពក្នុងតំបន់​ពិសេស​ក្រុងព្រះសីហនុ បានចាប់ផ្តើមរួមគ្នាអនុវត្តគម្រោងពិគ្រោះជំងឺ តាម​ប្រព័ន្ធវីដេអូពី​ចម្ងាយ។ សម្រាប់វិស័យអប់រំ រដ្ឋបាលខេត្តជាំងស៊ូ បានបរិច្ចាគបន្ទប់​កុំព្យូទ័រ​ជូន​ដល់​សាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាងមិត្តភាពព្រះសីហនុ-ជាំងស៊ូ រួមទាំង បន្ទប់បង្រៀន ទីលានបាល់បោះ និងវេទិកាផ្គត់ផ្គង់ទឹក-ល-។

កាកបាទក្រហមខេត្តជាំងស៊ូ និងកាកបាទក្រហមទីក្រុងវូស៊ី បានបរិច្ចាគបណ្ណាល័យ សួនកុមារ បង្គន់អនាម័យជាដើម ដើម្បីកែលម្អបរិយាកាស​បង្រៀនរបស់​សាលា​បន្ថែម​ទៀត។

នៅឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងចិន បានរួមគ្នាបើកយុគសម័យ​ថ្មី​នៃការ​កសាងសហគមន៍រួមជោគវាសនាតែមួយ ក្នុងនាមជាគម្រោងកិច្ចសហ​ប្រតិ​បត្តិការ​ដ៏សំខាន់រវាងប្រទេសទាំងពីរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងបន្ត​ខិតខំប្រឹងប្រែងឆ្ពោះទៅមុខ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្យ​រវាង​ប្រ​ទេសចិន និងកម្ពុជា ផ្តោតសំខាន់លើពន្លឿនលើកកម្ពស់ឧស្សាហូបនីយកម្ម អន្តរភា​វូបនីយកម្ម និងមូលធននីយកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូច​ជា​ពន្លឿនការរួមចញ្ចូលគ្នារវាងឧស្សាហកម្មនិងទីក្រុង រួមចញ្ចូលគ្នារវាង​ឧស្សាហ​កម្ម​និងការអប់រំ ការរួមចញ្ចូលគ្នារវាងការអភិវឌ្ឍន៍នៃសហគ្រាស និងទំនួលខុសត្រូវ​សង្គម និងជំរុញការកសាងតំបន់សេដ្ឋកិច្ចពិសេសកម្រិត២.០ ប្រកបដោយ​គុណ​ភាព​ខ្ពស់ ដើម្បីចូលរួមចំណែកក្នងការអភិវឌ្ឍន៍ច្រករបៀង​ឧស្សាហកម្ម និងបច្ចេក​វិទ្យា​កម្ពុជា៕