(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា ពីរគ្រឿង (Delhi និង Satpura) ក្រោមការបញ្ជាពីលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ (FOCEF) បានចូលចតនៅកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១-១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចសុឆន្ទៈក្នុងឱកាសនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ប្រកួតកីឡាជាមិត្តភាព និងធ្វើលំហាត់រួមគ្នាលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
លោកឧត្តមនាវីទោ GURCHARSN SINGH បានថ្លែងថា នាវាពិឃាតដំបូងបង្អស់របស់ឥណ្ឌា ដែលសាងសង់ឡើងក្នុងស្រុក គឺ INSDelhi និង INS Satpura ដែលជានាវាចម្បាំង មានមីស៊ីលនាំផ្លូវដែលផលិតក្នុងស្រុកដូចគ្នា រួមជាមួយនឹងយន្តហោះល្បាតដែនសមុទ្រ P8 នឹងមកដល់ប្រទេសកម្ពុជា។ បន្ទាប់ពីបានចូលរួមក្នុងពិធីសម្ភោធសមយុទ្ធ ដែនសមុទ្រអាស៊ានឥណ្ឌា។
ក្រោយពីមានការពិភាក្សារវាងបុគ្គលិកកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជា (RCN) មក ក៏មានកម្មវិធីចូលជួប
សម្តែងការគួរសមជាផ្លូវការ និងការប្រាស្រ័យទាក់ទងជាមួយឥស្សរជនរបស់រដ្ឋាភិបាលកម្ពុជា និងការរៀបចំដំណើរទេសចរណ៍សម្រាប់បុគ្គលិកកងទ័ពជើងទឹកឥណ្ឌា និងព្រឹត្តិការណ៍កីឡាជាមួយកងទ័ពជើងទឹកកម្ពុជា។
នាវានេះ ក៏នឹងបើកឱ្យចូលទស្សនាពីសំណាក់មន្ត្រី និងទាហានជើងទឹកនៃកងទ័ពជើងទឹកកម្ពុជា សេនានុព័ន្ធការពារបរទេស និងមន្ត្រីកងរាជអាវុធហត្ថ និងកំពង់ផែផងដែរ។ ទំនាក់ទំនងទ្វេភាគី រវាងឥណ្ឌា និងកម្ពុជា មានភាពរឹងមាំតាមរយៈទំនាក់ទំនងវប្បធម៌ទំនាក់ទំនងឥណ្ឌា-កម្ពុជា
ត្រូវបានពង្រឹងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងសាសនា និងសេដ្ឋកិច្ច ដោយសារការកើនឡើងនៃការចូលរួមរបស់ភាគីទាំងពីរលើគ្រប់វិស័យ។
គួររំឭកផងដែរថា កាលពីឆ្នាំមុន កម្ពុជាមានដំណើរទស្សនកិច្ចជាន់ខ្ពស់ជាច្រើន ដូចជាដំណើរទស្សនកិច្ចអនុប្រធានាធិបតី Shri Jagdeep Dhankar និងរដ្ឋមន្ត្រី ការបរទេសឥណ្ឌា Dr SJaishankar បានមកទស្សនកិច្ច នៅទីក្រុង
ភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា ហើយក៏ដូចជាមានទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ Shri Rajnath Singh ដែលបានធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ចូលរួមកិច្ចប្រជុំ ADMM បូក។
កាលពីខែកុម្ភៈថ្មីៗនេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ហើយបានចុះហត្ថលេខាលើលក្ខខណ្ឌយោងជាមួយនឹង COAS នៃកងទ័ពឥណ្ឌា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានចូលរួម AERO India 2023 នៅ Bangulru នាពេលថ្មីៗនេះផងដែរ។
កម្មវិធី Army to Army Staff Talks លើកដំបូងត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនៅខេត្តសៀមរាបកាលពីខែ
មុន។ ដំណើរទស្សនកិច្ចរបស់នាវាយើងនេះ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការដែនសមុទ្ររវាងកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ដ៏រឹងមាំរវាងប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់និងពិភពលោកទាំងមូល។
នាវាទាំងពីររបស់កងទ័ពជើងឥណ្ឌាមានលក្ខណៈបច្ចេកទេសដូចខាងក្រោម៖
*ទី១៖ នាវាឈ្មោះ INS DELHI (D61) ប្រភេទ នាវាពិឃាត មានបណ្ដោយ១៦៣,២០ម៉ែត្រ, ទទឹង១៧,៤០ម៉ែត្រ, ជម្រៅទឹក៦,៦០ម៉ែត្រ, ទំងន់ផ្ទុក៦៨០៨តោន ចំនួននាវឹក៤៥០នាក់ ដឹកនាំដោលោក វរនាវីឯក SHIRAZ HUSSAIN ជាមេបញ្ជាការនាវា។
*ទី២៖ នាវាឈ្មោះ INS SATPURA (F48)ប្រភេទនាវាប្រយុទ្ធ មានបណ្ដោយ១៤៣ម៉ែត្រ, ទទឹង១៦,៩០ម៉ែត្រ, ជម្រៅទឹក ៦.៩០ម៉ែត្រ, ទំងន់ផ្ទុក៥៣០០តោន ចំនួននាវឹក៣៩៥នាក់នាក់ ដឹកនាំដោយលោក វរនាវីឯក KARTIK MURTHY ជាមេបញ្ជាការនាវា៕