(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (CAMSOC) បានអះអាងថា រយៈពេល១២ថ្ងៃកន្លងមកនេះ អត្តពលិកទាំង១១ប្រទេស ដែលចូលប្រកួតក្នុងព្រឹត្តិការណ័ស៉ីហ្គេមនេះ ប្រតិបត្តិបានយ៉ាងល្អស្របតាមគុណតម្លៃអូឡាំពិក។

ថ្លែងក្នុងពិធីបិទស៉ីហ្គេម នារាត្រីថ្ងៃទី១៧ ខែឧសភានេះ លោក ថោង ខុន បានលើកឡើងថា រយៈពេល១២ថ្ងៃកន្លងមកនេះ អត្តពលិកទាំងអស់បានបង្ហាញនូវភាពក្លាហាន ឆន្ទៈមុះមុត ការតាំងចិត្ត ការលះបង់ និងស្មារតីកីឡា ដែលបានចូលរួមប្រកួតក្នុង៥៧៩វិញ្ញាសា។

លោកថ្លែងយ៉ាងដូច្នេះថា «អត្តពលិកទាំងអស់សុទ្ធតែបានបង្ហាញគុណតម្លៃអូឡាំពិក គឺការគោរព (Respect) មិត្តភាព (Friendship) និងសាមគ្គីភាព (Solidarity) ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃគុណតម្លៃរបស់ចលនា និងស្មារតីអូឡាំពិក»

លោកបាបន្តថា ការខិតខំនេះបានឆ្លុះបញ្ចាំងពីគុណភាព និងគុណវុឌ្ឍដ៏ខ្លាំងក្លាទាំងក្នុងនិងក្រៅទីលានប្រកួតក្នុងការដណ្ដើមមេដាយជូនជាតិរបស់ខ្លួន។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះមិនត្រឹមតែផ្ដល់ឱកាសដល់អត្តពលិកទាំងអស់ក្នុងការប្រកួតតំណាងជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីគុណតម្លៃនៃឧត្តមភាព មិត្តភាព និងសាមគ្គីភាពរបស់សមាជិកគ្រួសារកីឡាអាស៊ីអាគ្នេយ៍ ក៏ដូចជាទិដ្ឋភាពគ្រប់រសជាតិ ដែលមានទាំងភាពរីករាយ និងរំជួលចិត្តរហូតស្រក់ទឹកភ្នែក។

លោកបន្តទៀតថា អត្តពលិកទាំងអស់ជាគំរូដ៏ពិសេសដែលបានប្រកួតប្រជែងដោយយុត្តិធម៌ដោយបានគោរពដល់ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានបន្តជាគំរូដ៏ល្អប្រសើរនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ផ្អែកលើគោលការណ៍ «Fair-Play»

បើតាមលោក ថោង ខុន ប្រការគួឱ្យចងចាំដែលត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រានៃប្រវត្តិកីឡាអាស៊ីអាគ្នេយ៍ គឺសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ បានសម្តែងការអបអរសាទរព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងរយៈពេល៦៤ឆ្នាំ ដោយបានចូលរួមសហការយ៉ាងស្អិតល្មួតក្នុងដំណើរដង្ហែរត់ភ្លើងគប់ឆ្លងកាត់ប្រទេសរបស់ខ្លួន។ ទាំងអស់គ្នាមានក្តីសប្បាយរីករាយណាស់ដោយបានឃើញភ្លើងគប់ធ្វើដំណើរឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ ដែលជាសញ្ញានៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និងជាសក្ខីភាពនៃការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ ពេលភ្លើងគប់ត្រឡប់ដល់កម្ពុជាវិញ យើងក៏ឃើញមានមនុស្សចូលរួមដង្ហែអបអរសាទរតាមដងផ្លូវយ៉ាងច្រើនកុះករ ដែលជាសញ្ញានៃការគាំទ្រដល់ព្រិត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ដល់ប្រតិភូកីឡាទាំងអស់ក្នុងការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ការផ្តល់សិទ្ធិផ្សព្វផ្សាយ និងផ្តល់សំបុត្រចូលទស្សនាគ្រប់ប្រភេទកីឡា និងក្នុងពិធីបើក-បិទជាផ្លូវការ ព្រមជាមួយការចូលទស្សនាប្រាសាទអង្គវត្តដោយឥតគិតថ្លៃ កម្ពុជាបានយកចិត្តទុកដាក់សាងសង់ភូមិកីឡា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីស្មារតីខិតខំរបស់ម្ចាស់ផ្ទះក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នយ៍ ស្របតាមគោលការណ៍អូឡាំពិក ដែលអនុញ្ញាតឱ្យប្រតិភូកីឡា និងអត្តពលិកទាំង១១ប្រទេសមករួមរស់ជុំគ្នាជាសហគមគ្រួសារស៊ីហ្គេម និងផ្ដល់ឱកាសក្នុងការចែករំលែកបទពិសោធន៍ល្អៗបង្កើតមិត្តភាព និងសាមគ្គីភាពស្របនឹងអត្ថន័យ គឺកីឡាមិនត្រឹមតែជាការប្រកួត និងការដណ្ដើមមេដាយប៉ុណ្ណោះទេ ប៉ុន្តវាមានអត្ថន័យលើសពីការប្រកួតនិងមេដាយ Beyond the Games and Medals៕