(កំពត)៖ នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រពីអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) បានរៀបចំវគ្គបំប៉នស្តីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពសម្រាប់គ្រូថ្នាក់ទី៨ និងថ្នាក់ទី១១ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហ៊ុនសែន ឈូក ស្រុកឈូក ខេត្តកំពត។
ពិធីបើកវគ្គបំប៉ននេះបានធ្វើឡើងក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា និងមានការចូលរួមពីលោកស្រីសាស្រ្តាចារ្យ សេក ស៊ីសុខុម នាយិកាកម្មវិធីនៃអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) រួមទាំងមានសិក្ខាកាមចូលរួមចំនួន ១២៨នាក់ ស្រី ៤៥នាក់ ដែលជាបុគ្គលិកអប់រំមកពីការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកឈូក ស្រុកជុំគីរី ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ នាយក នាយិកា និងគ្រូបង្រៀនថ្នាក់ទី៨ និងទី១១ មកពីគ្រឹះស្ថានសិក្សានៃស្រុកទាំងអស់។
វគ្គបំប៉ននេះដែរបានធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបង្រៀនលើវិធីសាស្ត្របង្រៀន កិច្ចតែងការបង្រៀន ការរៀបចំផែនការបង្រៀន និងកាលវិភាគបង្រៀន មុខវិជ្ជាអប់រំសុខភាព សម្រាប់ថ្នាក់ទី៨និងទី១១។
គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលមុខវិជ្ជា «អប់រំសុខភាព» ទៅក្នុងកម្មវិធីសិក្សាជាតិដោយកំណត់ ១ម៉ោង ក្នុង១សប្តាហ៍ចាប់ពីថ្នាក់ទី១ ដល់ទី១២ ដោយមុខវិជ្ជានេះជាមុខវិជ្ជាមួយដែលសិក្សាអំពីមូលហេតុ ការបង្ការ និងការថែទាំសុខភាពបឋម គ្រប់ជ្រុងជ្រោយ ដោយឈរលើសិទ្ឋិ និងយេនឌ័រជាមូលដ្ឋាន។ ដោយឡែកនៅឆ្នាំសិក្សាកន្លងទៅ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍពាក់ព័ន្ធ នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការបំប៉នលោកគ្រូ អ្នកគ្រូថ្នាក់ទី១ ទី៤ ទី៧ និងទី១០ ចំនួនជាង ២០០០នាក់ នៅ១០ខេត្តគោលដៅ ក្នុងនោះខេត្តកំពត បានបំប៉នគ្រូថ្នាក់ទី៧ និងទី១០ ជាង៥០០នាក់។
នាឱកាសនោះលោកស្រីសាស្រ្តាចារ្យ សេក ស៊ីសុខុម ក៏បានសំដែងនូវការពេញចិត្តចំពោះកិច្ចសហការដ៏ល្អ រវាងនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ដើម្បីបង្រៀនមុខវិជ្ជាអប់រំសុខភាពនាពេលកន្លងមក និងបានបំប៉នគ្រូថ្នាក់ទី៨ និងទី១១ បន្ថែមទៀត។ លោកស្រីសន្យានឹងគាំទ្រសកម្មភាពអប់រំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទដែលជាសមាសភាពដ៏សំខាន់នៃមុខវិជ្ជាអប់រំសុខភាពនាឆ្នាំបន្តបន្ទាប់។
នាឱកាសនោះដែរលោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា ក៏បានថ្លែងអំណរគុណដល់គ្រូឧទ្ទេស អ្នកសម្របសម្រួល លោកនាយក លោកគ្រូ អ្នកគ្រូ សូមយកចិត្តទុកដាក់ចូលរួមវគ្គបំប៉ននេះ នឹងយកចំណេះដឹងទៅបន្តដល់សិស្សានុសិស្សនៅក្នុងសាលារបស់ខ្លួន និងបានថ្លែងអរគុណដល់អង្គការរ៉ាក់ ដែលបានគាំទ្រសកម្មភាពរបស់ក្រសួងនាពេលកន្លងមក ហើយក៏សំណូមពរឱ្យអង្គការរ៉ាក់សហការបំប៉នបន្តក្រុមគោលដៅផ្សេងទៀតផងដែរ៕