(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យជាង១ពាន់នាក់ បានរំលឹកនូវរឿងរ៉ាវមួយចំនួនពាក់ព័ន្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់វិធានការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការដ៏មុតជ្រួច ក្នុងពេលប្រយុទ្ធជាមួយជំងឺកូវីដ១៩ បានរំលឹកទៀតថា ប្រសិនបើប្រទេសមួយមានវ៉ាក់សាំង ក៏មិនប្រាកដថា អាចគ្រប់គ្រងជំងឺកូវីដ១៩បាននោះដែរ ប្រសិនបើមិនមានវិធានការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវទេនោះ។

គេនៅចាំបានថា នៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំងដំបូងបង្អស់ ពីសាធារណៈរដ្ឋប្រជាមានិតចិននោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រើប្រាស់នូវអភិក្រម «ផ្ការីក» ក្នុងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ដែលប្រឈមខ្លាំង ដែលកាលពីពេលនោះ មាននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ អភិក្រម «ផ្ការីក» នេះហើយទើបធ្វើឲ្យកម្ពុជាទទួលជោគជ័យ លើការប្រើប្រាស់វ៉ាក់សាំងដើម្បីយកឈ្នះលើសមរភូមិជំងឺកូវីដ១៩។

ផ្ទុយពីការអនុវត្តរបស់កម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងពីការអនុវត្តរបស់ប្រទេសមួយចំនួន ដោយគេបានប្រើប្រាស់វិធានការសមភាព។ ឧទាហរណ៍ថា គេមានវ៉ាក់សាំងស្មើនឹងចំនួន២០ភាគរយ នៃចំនួនប្រជាជន ដូច្នេះត្រូវចែកទៅតាមបណ្ដាខេត្ត២០ភាគរយស្មើៗគ្នា ប៉ុន្ដែមិនអាចរកភាពស៉ាំសហគមន៍បាននោះទេ ព្រោះក្នុង១០០នាក់ មាន២០នាក់បានចាក់វ៉ាក់សាំង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយសារប្រទេសនីមួយមានវិធានការខុសៗគ្នា ប្រទេសមួយចំនួនប្រើវិធានការសមភាព ប៉ុន្ដែយើងប្រើអភិក្រមដែលចាប់ផ្ដើមស្រោចនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលឲ្យជោគ។ អញ្ចឹងមានវ៉ាក់សាំងហើយ មិនប្រាកដថា ត្រួតត្រាសភាពការណ៍បានទេ បើសិនចាប់យកវិធានការខុស។ នេះជាបិទពិសោធន៍មួយដែលត្រូវចងក្រងសម្រាប់ពេលក្រោយ»

មិនទាន់ទៅណាឆ្ងាយពីរឿងវ៉ាក់សាំងនេះនោះទេ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ក៏បានរំលឹកដែរថា ប្រទេសអ្នកមានមួយចំនួនរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋមិនបាន ព្រោះយឺតយ៉ាវក្នុងការសម្រេចចិត្តជ្រើសរើសប្រភពផ្គត់ផ្គង់វ៉ាក់សាំង។ គ្រាដែលកម្ពុជា បានយកចិត្តជាបង្អែកយុទ្ធសាស្ដ្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពដទៃទៀតជាប្រភពគាំទ្រ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មានប្រទេសជាច្រើនប្រើប្រាស់វ៉ាក់សាំងដូចប្រទេសកម្ពុជា ដែលជាការផ្គត់ផ្គង់របស់ប្រទេសចិន ក្នុងនោះរួមមាន៖ ឥណ្ឌូនេស៉ី, ថៃ និងប្រទេសនៅមជ្ឈមបូព៌ាជាដើម។ បន្ទាប់ពីប្រទេសចិន ក្រោយមកមានបណ្ដាប្រទេសផ្សេងៗទៀត ក៏ផ្គត់ផ្គង់ដល់កម្ពុជាផងដែរ។

គួរជម្រាបថា ផ្ដើមចេញពីភាពជោគជ័យលើសមរភូមិជំងឺកូវីដ១៩នេះហើយ បានផ្ដល់ឱកាសឲ្យប្រទេសកម្ពុជា អាចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ហើយវិលទៅរកប្រក្រតីភាពវិញ។

ជាក់ស្ដែងក្រោយយកឈ្នះលើជំងឺកូវីដ១៩ កម្ពុជាក៏ផ្ដើមទទួលធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍សំខាន់ៗជាបន្ដបន្ទាប់ ក្នុងនោះរួមមាន កិច្ចប្រជុំកំពូលរដ្ឋមន្ដ្រីការបរទេសអាស៊ាន, កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ជាដើម ដែលទើបត្រូវបានបិទបញ្ចប់កាលពីរាត្រី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕