(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនូវទស្សនៈមួយថា ប្រសិនបើពិភពលោកកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ ៥០% បង្វែរយកមកជួយអភិវឌ្ឍលើវិស័យសុខាភិបាលវិញ នោះ ប្រាកដជាជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្ដេចតេជោបង្ហាញការសោកស្តាយចំពោះការចំណាយលុយរបស់ប្រទេសនានា ទៅលើការផលិតអាវុធបំផ្លាញជីវិតមនុស្ស។

សម្ដេចតេជោបានបន្តថា ប្រសិនបើកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ៥០ភាគរយ បង្វែរយកមកចំណាយលើវិស័យសុខាភិបាល វេជ្ជសាស្ត្រ ឬការផលិតឱសថ សម្ភារបរិក្ខារវេជ្ជសាស្ត្រ នោះនឹងជួយឱ្យកាត់បន្ថយការចំណាយលើផ្នែកសុខភាពជាងមុន។ ផ្ទុយទៅវិញ ប្រទេសមហាអំណាច និងប្រទេសមួយចំនួនបែរជាគិតតែពីផលិតសព្វាវុធ និងបញ្ជូនទៅឱ្យប្រទេសដែលមានជម្នះជាមួយគ្នាសម្រាប់ធ្វើសង្គ្រាមនឹងគ្នាមិនចេះចប់មិនចេះហើយ តួយ៉ាងដូចជាករណីសង្គ្រាមអ៊ុយក្រែននិងរុស្ស៉ី គឺមិនងាយចប់ទៅវិញនោះឡើយ។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «អ្វីដែលគួរឱ្យស្ដាយ គឺការចំណាយយ៉ាងច្រើនទៅលើការផលិតឧបករណ៍សម្លាប់មនុស្ស តែបើគេកាត់បន្ថយការចំណាយលើវិស័យយោធាត្រឹមតែ៥០ភាគរយ យកមកផលិតឧបករណ៍សង្គ្រោះមនុស្សវិញ នោះឧបករណ៍ក៏ចុះថ្លៃ ការស្រាវជ្រាវខាងផ្នែកការពារជីវិតមនុស្សគឺនឹងល្អជាងមុន»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើពិភពលោកជួបបញ្ហាស្មុគស្មាញ នោះកម្ពុជាក៏ជួបរឿងស្មុគស្មាញដែរ៕