(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តរបស់សម្តេចដែលមិនឱ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះលុយអាចចាយអស់ តែកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ជាតិគឺចាយមិនអស់ឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំគិតថាខ្ញុំសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថាយើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះចាប់ផ្តើមយកគំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ានមួយផ្នែកចូលមក តាមរយៈនៃការមិនបង់ថ្លៃ លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិចាយមិនអស់ទេ»។

សម្តេចតេជោ ហ៊ុន សែន បានប​ន្ថែមទៀតថា ក្នុងឋានៈជាសមាជិកអាស៊ាន ជាមេដឹកនាំនៃប្រទេសអាស៊ានមួយ គឺត្រូវមានគំនិតផ្តួចផ្តើមលើបញ្ហាផ្សេងៗ ក្នុងនោះក៏មានគំនិតផ្តួចផ្តើមទាក់ទងនឹងវិស័យកីឡា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានធ្វើសកម្មភាពមុនដើម្បីជាការពង្រឹងនូវសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ាន។

សម្តេចតេជោ បានបន្ថែមថា កម្ពុជាបានចាយថវិកាថែមតែ ៧លានដុល្លារតែប៉ុណ្ណោះ សម្រាប់ចំណាយលើការស្នាក់នៅរបស់កីឡាករ កីឡាការិនី និងការទទួលទានផ្សេងៗ តែកម្ពុជាបានមកវិញនូវការរាប់អានមិត្តភក្តិ ក្នុងចំណោមអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាលនៃការរៀបចំស៊ីហ្គេមនេះ ប្រកបដោយការទទួលខុសត្រូវ នឹងពុំមានអ្នកណាមួយមានគ្រោះថ្នាក់កើតឡើងដល់ជីវិតនៅក្នុងប្រទេសកម្ពុជានោះទេ ហើយវាជារឿងល្អមួយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈការរៀបចំព្រឹត្តិការស៊ីហ្គេមនេះ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា បានបន្សល់ទុកមិនមែនគ្រាន់តែមួយថ្ងៃ ពីរថ្ងៃ មួយឆ្នាំ ពីរឆ្នាំនោះទេ គឺបានបន្សល់ទុក ១០០ឆ្នាំតទៅមុខទៀតសម្រាប់កិត្តិយសរបស់កម្ពុជា។

សូមបញ្ជាក់ដែរថា បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ (CAMSOC) ធ្លាប់បានឲ្យដឹងថា កម្ពុជាគ្រោងចំណាយ ១១៨លានដុល្លារសម្រាប់ការរៀបចំស៉ីហ្គេម។ ការចំណាយនេះមិនទាន់គិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើយ។

ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ កម្ពុជាអនុញ្ញាតឱ្យចូលទស្សនាការប្រកួត មិនមានការលក់សំបុត្រនោះទេ ពោលគឺផ្តល់សំបុត្រចូលទស្សនាដោយមិនគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋ និងបរទេស ដើម្បីទទួលបានសប្បាយរីករាយ។ បន្ថែមពីនេះ កម្ពុជាបានរ៉ាប់រងក្នុងការចំណាយសម្រាប់ការស្នាក់នៅ និងហូបចុកផ្សេងៗសម្រាប់កីឡាករ និងប្រតិភូកីឡាប្រទេសនានា ដែលមកចូលរួមថែមទៀត៕