(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីសម្ភោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈបណ្តូលពហុឯកទស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ដើម្បីឲ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់ មហាវិថីព្រះមុនីវង្ស (ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុប BKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ដោយមិនអនុញ្ញាត ឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមមហាវិថីព្រះមុនីវង្ស មេត្តាជ្រាបយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី តាមកាលបរិច្ឆេទខាងលើ ដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរជាធម្មតាវិញ៕