(ភ្នំពេញ)៖ សាធារណរដ្ឋឆែក និងមន្ទីរពេទ្យកុមារជាតិ បានសហការគ្នាបង្កើតម៉ូបាលអេបថ្មីមួយ (App) ដើម្បីគ្រប់គ្រងព័ត៌មានសុខភាពមាតា និងទារកឱ្យកាន់តែល្អប្រសើរ សំដៅកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក ឱ្យកាន់តែថយចុះជាបន្ដបន្ទាប់។

នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងក្នុងឱកាសទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឆែក ដឹកនាំដោយ លោក Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក នៅថ្ងៃទី១៧ ខែឧសភា ឆ្នំា២០២៣ នៅមន្ទីរពេទ្យកុមារជាតិ។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ថ្លែងឱ្យដឹងថា នៅពេលម៉ូបាលអេបថ្មីនេះ ដាក់ឱ្យដំណើរការ នឹងជួយលើកកម្ពស់សុខភាពមាតា និងទារកកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀត ព្រោះថា អេបនេះងាយស្រួលប្រើប្រាស់ និងអាចប្រើបានគ្រប់ទីកន្លែងមិនថា មានសេវាអ៊ិនធឺណេត ឬមិនមាននោះទេ។ ជាងនេះទៀតនៅក្នុងអេបមានកត់ត្រាទាក់ទិន នឹងប្រវត្តិសុខភាពរបស់ស្ត្រីមានផ្ទៃពោះ ការព្យាបាល របៀបថែរក្សាទារកឱ្យបានល្អ ប្រាប់ពីកន្លែងព្យាបាល និងទៅជួបគ្រូពេទ្យនៅពេលស្ត្រីមានបញ្ហាគក៌ និងប្រាប់ពីរោគសញ្ញាអ្វីខ្លះ ពេលដែលស្ត្រីមានបញ្ហាគក៌ផងដែរ។

លោកសាស្ត្រាចារ្យបានបន្តថា «មិនត្រឹមតែស្ត្រីមានផ្ទៃពោះទទួលបានផលប្រយោជន៍ពីអេបនេះទេ សូម្បីតែគ្រូពេទ្យព្យាបាលក៏ទទួលបានអត្ថប្រយជន៍ ពីអេបនេះដែរ ដោយគាត់អាចដឹងពីប្រវត្តិរបស់អ្នកជំងឺបានច្បាស់លាស់ ងាយស្រួលព្យាបាល និងអាចបញ្ចូលព័ត៌មានថ្មីៗបន្ថែមទៀត ក្នុងអេបបានទៀតផង ពេលពិនិត្យអ្នកជំងឺរួចរាល់ហើយ ថ្ងៃក្រោយស្ត្រីមានផ្ទៃពោះអាចទៅជួបគ្រូពេទ្យ នៅកន្លែងណាក៏បានដែរ ឱ្យតែមានភ្ជាប់អេបនេះ»

លោកសាស្ត្រាចារ្យបានបន្ថែមថា ម៉ូបាលអេបថ្មីនេះ បានអភិវឌ្ឍន៍រួចរាល់ហើយ នៅសល់តែការត្រួតពិនិត្យពាក្យពេចន៍បច្ចេកទេសខ្លះ ព្រោះត្រូវបកប្រែពីភាសាឆែកមកភាសាខ្មែរ និងពិនិត្យមើលខ្លឹមសារអប់រំនៅក្នុងមាតិកា ថាតើឆ្លើយតបទៅនឹងខ្លឹមសាររបស់ក្រសួងសុខាភិបាលដែរឬទេ។ តាមផែនការម៉ូបាលអេបនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤ខាងមុខនេះ ដែលជំហានដំបូងមន្ទីរពេទ្យកុមារជាតិ នឹងអនុវត្តសាកល្បងជាមុនសិន ដើម្បីឱ្យដឹងពីគុណភាព និងប្រសិទ្ធភាពនៃការប្រើអេបនេះ។

លោកសាស្ត្រាចារ្យបានឱ្យដឹងទៀតថា ក្រៅពីអភិវឌ្ឍន៍អេបថ្មីនេះ សម្រាប់៣ឆ្នាំខាងមុខ (២០២៤-២០២៦) ឆែកក៏មានគម្រោងជួយពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍មន្ទីរពេទ្យកុមារជាតិបន្ថែមទៀត និងគម្រោងមណ្ឌលសុខភាពមាតានិងទារកជុំវិញកំណើតស្ត្រីមានផ្ទៃពោះរហូតដល់សម្រាលបាន២ឆ្នាំ ដែលគម្រោងនេះបានជួយកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកបានច្រើន ដែលអនុវត្តបានជោគជ័យរួចមកហើយនៅប្រទេសឆែក៕