(ភ្នំពេញ)៖ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ មានសប្បុរសជនជាបន្តបន្ទាប់ បាននាំយកថវិកាសប្បុរសធម៌ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សមាគមជាតិមួយនេះ ឲ្យមាននិរន្តភាព ក្នុងការបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ។

ជាក់ស្ដែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នំា២០២៣នេះ ក៏នៅតែមានសប្បុរសជនជាច្រើន បានបន្ដនាំយកថវិកាមួយចំនួន ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ថវិកាដែលសប្បុរសជននាំមកក្នុងនោះមានដូចជា៖ ក្រុមហ៊ុន អូអេស៊ីស អនើជី (ខេមបូឌា) ឯ.ក ( OASIS ENERGY (CAMBODIA) CO.,LTD) បរិច្ចាគថវិកា ១ម៉ឺនដុល្លារ និងម៉ូតូអគ្គិសនី ចំនួន ១០គ្រឿង, អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group Ltd និងលោកជំទាវ ស៊ឹង ហ្គេចអ៊ីម បរិច្ចាគថវិកា ចំនួន ៥ពាន់ដុល្លារអាមេរិក, ឧកញ៉ា ខៃ ប៉េងស៊ុន និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ដុល្លារអាមេរិក, មន្ទីរសម្ភព ណូប៊ែល បរិច្ចាគថវិកា ចំនួន ៥០០ដុល្លារអាមេរិក។

ចំណែកកាលពីចុងសប្ដាហ៍កន្លងទៅមានសប្បុរសជនរួមមាន៖ ធនគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) បរិច្ចាគថវិកា ២០ម៉ឺនដុល្លារអាមេរិក, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បរិច្ចាគថវិកាសរុប ចំនួន ៥ពាន់ដុល្លារអាមេរិក, ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បរិច្ចាគថវិកា ២០,៦១៥,០០០រៀល, សាកលវិទ្យាល័យប៊ែលធី អន្ដរជាតិ ៥ពាន់ដុល្លារអាមេរិក។

ក្នុងនោះក៏មានគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បរិច្ចាគថវិកា ចំនួន ៥ពាន់ដុល្លារអាមេរិក, MANHATAN INTERNATIONAL CO.,LTD -MANHATTAN SEZ បរិច្ចាគថវិកា ចំនួន ៥ម៉ឺនដុល្លារ, MEDTECS (CAMBODIA) CORP. Limited បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ, លោក ថេង ស៊ុក និងលោកស្រី សុខ ចន្ថា បរិច្ចាគថវិកា ចំនួន ២លានរៀល, សាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ បរិច្ចាគថវិកា ៤០ម៉ឺនរៀល, លោកស្រី ផូន ភួង និងស្វាមី បរិច្ចាគថវិកា ៤លានរៀល, លោកតា មាស ខ្មៅ ឧបត្ថម្ភថវិកា ចំនួន ៥០ដុល្លារអាមេរិក, លោកជំទាវ ញ៉ែម មរកត ប្រធានកិត្ដិយស និងលោក ចាប តូ ថ្នាក់ដឹកនាំគណៈគ្រប់គ្រងបុគ្គលិក សមាជិក សមាជិកា ជនមានពិការភាពភ្នែក និងកាយសម្បទា នៃសមាគមតន្ដ្រីសំនៀងជនពិការ បរិច្ចាគថវិកា ១លានរៀល, លោកស្រី អ៊ុំ ឡានី ទីប្រឹក្សារបស់សមាគមតន្ដ្រីសំនៀងជនពិការ បរិច្ចាគថវិកា ១លានរៀល និងសប្បុរសជនជាច្រើនរូប និងអង្គភាពផ្សេងៗទៀត។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជាកាកបាទក្រហមកម្ពុជា ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងទិវា៨ឧសភា ដែលនេះគឺជាកាយវិការប្រកបដោយបេះដូងមនុស្សធម៌ និងវប្បធម៌នៃការចែករំលែកដ៏ប្រពៃថ្លៃថ្លា។

ជាមួនេះគ្នានេះ លោកជំទាវកិត្ដិបណ្ឌិត បានបន្ដថា ទោះបីមិនប្រារព្ធមិទ្ទីងអបអរសាទរក្តី តែកាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា, ស្បៀងនិងសម្ភារៈនានា ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាព បំពេញបេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការចាំការជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា។

លោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានគូសបញ្ជាក់ទៀតថា កន្លងមកកាកបាទក្រហមកម្ពុជា បានប្រើប្រាស់ថវិការបស់សប្បុរសជន បម្រើដល់ការងារមនុស្សធម៌នានា ដូចជា ការជីកអណ្តូងទឹកស្អាត ផ្ដល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ផ្ដល់ជូនអាជ្ញាធរមីន សាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន ពិសេសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន៦២៨ខ្នងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានបរិច្ចាគថវិកា ស្បៀង និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា ហើយសង្ឃឹមថា នឹងមានសប្បុរសជនជាបន្តបន្ទាប់ទៀត នឹងចូលរួមបរិច្ចាគធនធាន ប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លា ជួយ កាកបាទក្រហមកម្ពុជា​ដោយស្ម័គ្រចិត្ត ដើម្បីឲ្យស្ថាប័នមនុស្សធម៌មួយនេះ កាន់តែទទួលបានជោគជ័យថែមមួយកំរិតទៀត ក្នុងបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះបំផុត៕