(កោះកុង)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជន ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិ និងជាអគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, ឧត្តមសេនីយ៍ឯក ឈឿន កុសលវីរៈ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយស្រុកបុទុមសាគរ និងប្រធានក្រុមការងារគណបក្សចុះជួយឃុំកណ្តោល និងលោកស្រី ព្រមទាំងមានការចូលរួមពីសំណាក់ប្រធាន អនុប្រធានក្រុមការងារគណៈកម្មាធិការបក្ស សមាជិក សមាជិកា ចំនួន៦០០នាក់ នៅស្នាក់ការគណបក្សប្រជាជនឃុំកណ្តោល។

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកណ្តោល គឺជាអំណោយរបស់ឧត្តមសេនីយ៍ឯក ឈឿន កុសលវីរៈ និងលោកលោកស្រី។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត បានប្រគេនបច្ច័យកសាងដល់វត្តកណ្តោល ចំនួន ១លានរៀល និងអណ្តូងទឹក ចំនួន០៥ សម្រាប់ឃុំកណ្តោល, ឧត្តមសេនីយ៍ឯក ឈឿន កុសលវីរៈ និងលោកស្រី បានឧបត្ថម្ភថវិកា ២មុឺនរៀល និងសារ៉ុង១ ជូនដល់សមាជិកគណបក្សចំនួន៦០០នាក់ ដែលបានចូលរួមក្នុងពិធីនោះផងដែរ៕