(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខនិស្សិតពេទ្យបញ្ចប់ការសិក្សាជាង១ពាន់នាក់, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកក្រុមគ្រូពេទ្យទាំងអស់ទើបបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រ ត្រូវរក្សាកិត្តិនាម «ទ័ពអាវស» តាមរយៈការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ និងត្រូវខិតខំសិក្សាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការវិវត្តន៍ថ្មីនៃជំងឺផ្សេងៗ។

ការក្រើនរំលឹកបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យចំនួន ១,៣៩៦នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងថា នៅក្នុងដំណាក់ការរាតត្បាតជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យដែលកាលពីមុនដែលធ្លាប់ត្រូវការគេប្រមាថ ក៏បានក្លាយខ្លួនទៅជា «កងទ័ពអាវស» ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយ៉ាងដូច្នេះថា៖ «អីឡូវខ្ញុំរំពឹងទុកថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះដែលនឹងក្លាយជាគ្រូពេទ្យ សូមរក្សាកិត្តិនាម កេរ្តិ៍ឈ្មោះជាកងទ័ពអាវស តទៅទៀតតាមរយៈនៃការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានល្អ គ្មានវិធីណាល្អជាងហ្នឹងទេ...!»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុ​ន សែន បានបន្តថា វិធីសាស្ត្រ បច្ចេកទេសល្អ ប៉ុន្តែបើគ្មានក្រមសីលធម៌ គ្រប់គ្រងវាទេ វិទ្យាសាស្ត្រ បច្ចេកទេស គឺវានាំទៅដល់ការគ្រោះថ្នាក់បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជាឧទាហរណ៍ បុគ្គលខ្លះទទួលបានការបណ្តុះបណ្តាលផ្នែកឱសថសាស្ត្រ ប៉ុន្តែ បែរមិនគិតពីការស្រាវជ្រាវផលិតថ្នាំ ដើម្បីព្យាបាលជំងឺ បែរជាទៅស្រាវជ្រាវផលិតគ្រឿងញៀនទៅវិញ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមថា ក្រុមគ្រូពេទ្យរបស់កម្ពុជាគ្រប់រូបនឹងខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន។ បន្ថែមពីនេះនិស្សិតជយលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះត្រូវបន្តការខិតខំបន្តទៅទៀតលើការពង្រឹងជំនាញបច្ចេកទេស ពីព្រោះ១ថ្ងៃ ទៅ១ថ្ងៃ បច្ចេកទេសផ្នែកវេជ្ជសាស្ត្រចេះតែកើតឡើង ដែលទាមទារឱ្យក្រុមគ្រូពេទ្យទាំងអស់ សិក្សាឱ្យទាន់សភាពការណ៍នៃជំងឺដែលចេះតែវិវត្តន៍ថ្មីជាលំដាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្តីសប្បាយរីករាយជាមួយនឹងការភាពរីកចម្រើនផ្នែកវិស័យសុខាភិបាលនៅកម្ពុជា និងអបអរសាទរ ចំពោះនិស្សិតជយលាភីដែលទទួលសញ្ញាបត្រគ្រប់កម្រិតទាំងអស់ដែលមានជំនាញលើផ្នែកសុខាភិបាល។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណគ្រូពេទ្យទទួលសញ្ញាបត្រនៅថ្ងៃនេះ បានស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។ កម្ពុជា ជាប្រទេសមួយដែលមិត្តភក្តិបរទេសបានបញ្ជូនមនុស្សមកដកពិសោធន៍។ មិនត្រឹមតែវិស័យសុខាភិបាលនោះទេ គឺមានវិស័យជាច្រើនទៀត៕