(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ស្រុកពញាឮ ខេត្តកណ្តាល ចំនួន៥៤៩នាក់ ក្នុងនោះមាន មេដាយអស្សឫទ្ធិ ០១គ្រឿង, មាស ចំនួន៩០គ្រឿង និងប្រាក់ ចំនួន៣៤០គ្រឿង។

មានមតិសំណេះសំណាលនាឱកាសនេះ លោកប្រធានក្រុមការងារ បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងាររាជរដ្ឋាភិបាលជាមួយនឹងបងប្អូនអតីតយុទ្ធជន ។

លោករដ្ឋមន្ដ្រី លឹម គានហោ បានថ្លែងអំណរគុណ កោតសរសើរ វាយតម្លៃខ្ពស់ និងការដឹងគុណចំពោះការខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជន ដែលធ្លាប់ឆ្លងកាត់ជីវិតជាកងទ័ព ជាយុទ្ធជនស្គាល់ច្បាស់ពីការលំបាក និងបានឆ្លងកាត់គ្រប់ឧបសគ្គនៅក្នុងសមរភូមិ តស៊ូប្តូរជីវិត ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិមានសុខសន្តិភាព។

ក្នុងឱកាសអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជននៅស្រុកពញាឮ ខេត្តកណ្តាល នាពេលនេះ លោកបានបន្តថា នៅក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរ និងយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជនកម្ពុជា ពិសេសក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់អតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកពញាឮ ប្តេជ្ញាបន្តគាំទ្រនូវរាល់សកម្មភាពដឹកនាំរបស់រាជរដ្ឋាភិបាលដោយឥតងាករេ និងសូមគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី ៧ និងអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

លោក លឹម គានហោ បានឧបត្ថម្ភដល់អតីតយុទ្ធជន ចំនួន ៥៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន២០គីឡូក្រាម, មីចំនួន១កេសតូច, ត្រីខចំនួន២យួរ និងថវិកាចំនួន១០​ម៉ឺនរៀល។ ឧបត្ថម្ភកម្មវិធី ចំនួន៥លានរៀល និងរដ្ឋបាលស្រុកពញាឮ ចំនួន១លានរៀល ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ច​ផងដែរ​៕