(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម សាខាកាកបាទក្រហមខេត្តកំពង់ចាម បានប្រារព្ធពិធី ទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា និងលោក អ៊ុន ចាន់ដា ប្រធានសាខា។

ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ឆ្នាំ២០២២ កន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាសាខាអនុសាខា បានបំពេញតួនាទី យ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់សេវាកម្ម មនុស្សធម៌ ផ្ដោត លើវិស័យអាទិភាពទាំង៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់ មានដូចជា ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ សាខាបានឆ្លើយតបផ្តល់អំណោយមនុស្សធម៌ជូន ពលរដ្ឋរងគ្រោះដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ រន្ទះបាញ់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ បានចំនួន ១២៧គ្រួសារ។

លោក អ៊ុន ចាន់ដា បានបន្តថា ពិធីទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ ក្នុងគោលដៅចលនាកៀងគរ ការចូលរួមគាំទ្រ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតី វប្បធម៌ចែករំលែក ជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាព ក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកំពង់ចាមបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលស្នាដៃ និងការខិតខំប្រឹងប្រែងប្រកបដោយភាពបុរសកម្មរបស់គណៈកម្មាធិការសាខា អាណត្តិទី៥។

ទន្ទឹមនោះ លោក បានបានថ្លែងអំណរព្រះគុណ និងសូមអរគុណជាអនេកកប្បការចំពោះព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទោះបីជាយើងពុំបានធ្វើការប្រារព្ធពិធីអបអរទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ៕

លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ពិធីទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រមូលថវិកាពីសប្បុរសជនសរុបជាង៤៤ម៉ឺនដុល្លារ៕