(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា សាលាវិជ្ជាជីវៈទេសចរណ៍ ដែលកំពុងសាងសង់ទាំង២ទីតាំងនេះ នឹងជួយជំរុញដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងជំរុញដល់ការបម្រើសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។

គួរជម្រាបថា រាជរដ្ឋាភិបាលកំពុងសង់សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។

ខណៈការដ្ឋានសាងសង់សាលាកំពុងដំណើរការ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ថោង ខុន បានចុះត្រួតពិនិត្យ និងសំណេះសំណាលលើកទឹកចិត្តដល់កម្មករ វិស្វករ និងក្រុមការងារនៅការដ្ឋានសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍រាជធានីភ្នំពេញ (ជិតផ្សារទំនើបអ៉ីអនសែនសុខ)។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា គោលដៅសំខាន់មួយរបស់ក្រសួងទេសចរណ៍ គឺការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដូច្នេះកម្ពុជាត្រូវមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តដែលមានសក្ដានុពលទេសចរណ៍ផ្សេងទៀត។

លោករដ្ឋមន្ត្រីបានបន្តថា «ការកសាងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះ គឺនឹងជួយជំរុញដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជំរុញដល់ការបម្រើសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ»។

លោកថ្លែងទៀតថា បើចង់បើកអាជីវកម្មសេវាកម្មទេសចរណ៍មួយ ម្ចាស់អាជីវកម្មនីមួយៗត្រូវមានបុគ្គលិកដែលចេះជំនាញវិជ្ជាជីវៈទេសចរណ៍ យ៉ាងហោចត្រឹមកម្រិតបឋម ឬត្រូវមានអ្នកគ្រប់គ្រងដែលបញ្ចប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ផងដែរ»។

លោក ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ បានឱ្យដឹងថា ការសាងសង់អគារនៅភ្នំពេញនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ រីឯនៅខេត្តព្រះសីហនុ ចាប់ផ្តើមនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ គិតមកដល់ពេលនេះ ការសាងសង់អគារសាលានៅភ្នំពេញ និងនៅខេត្តព្រះសីហនុសម្រេចបានលើសផែនការ ដូចនេះគម្រោងសាងសង់អាចនឹងបញ្ចប់មុន ឬនៅខែមេសា ឆ្នាំ២០២៤ខាងមុខ។

លោកនាយកបានបន្តថា សាលាគ្រោងបើកថ្នាក់វិញាបនបត្រជំនាញវិជ្ជាជីវៈ និងជ្រើសរើសយុវជន សិស្ស ដែលបានបញ្ចប់ថ្នាក់ទី៩ឡើង ប្រមាណ៣០០នាក់នៅរាជធានីភ្នំពេញ និង២០០នាក់នៅខេត្តព្រះសីហនុ។ ចំនួនសិស្សចុះឈ្មោះអាចនឹងកើនឡើងប្រមាណ១០០-២០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំបន្តបន្ទាប់រហូតដល់ពេញសមត្ថភាពផ្ទុករបស់សាលា។ យុវជន សិស្ស-និសិត្សអាចជ្រើសរើសរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន៤ផ្នែកសំខាន់ៗ រួមមាន៖ ១-ផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ២-ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៣-ផ្នែកសេវាកម្មធ្វើដំណើរ និង៤-ផ្នែកសេវាកម្មទេសចរណ៍ និងផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈចាប់ពីវិញ្ញាបនបត្រកម្រិត១ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ាន។

លោក ឆាយ ឃុនឡុង ធ្លាប់បានឱ្យដឹងថា សាលានឹងផ្ដល់នូវតម្លៃសមរម្យសម្រាប់ការសិក្សានេះប្រហែលជា៦០០-៧០០ដុល្លារក្នុងមួយឆ្នាំ។ ក្រៅពីនេះ សាលាក៏គ្រោងផ្ដល់អាហារូបករណ៍មួយចំនួនដល់សិស្សក្រីក្រ និងរកកិច្ចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្ដល់កម្ចីឥណទានឱ្យសិស្សដែលចង់សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍នៅសាលាជាតិនេះ ក៏ដូចជាកៀរគររកមូលនិធិជួយថវិកាផ្ដល់ឱ្យសិស្សទាំងនោះផងដែរ។

ក្រោយពីសំណេះសំណាលចប់ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានចែកអំណោយជូនដល់កម្មករ/កម្មការនីនៅការដ្ឋានសាងសង់សាលាសរុបចំនួន១១០នាក់ផងដែរ ក្នុងនោះមានអង្ករ១០គីឡូក្រាម និងមី១កេសក្នុងម្នាក់៕