(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងជាលើកដំបូង​នៅ​កម្ពុជា បាននាំឱ្យផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ ប្រជាជាតិអាស៊ី​អា​គ្នេយ៍ និងលើពិភពលោកផងដែរ។

កម្ពុជា ថ្វីដ្បិតថា ទើបរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍លើក​ដំបូង តែបានផ្ចិតផ្ចង់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឱ្យព្រឹត្តិការណ៍នេះទទួល​បាន​ការចាប់អារម្មណ៍ខ្ពស់។ ព្រឹត្តិការណ៍ដែលនាំឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ រួម​មានកម្មវិធីបើក ដែលជាការរៀបចំកម្រិតពិធីបើកអូឡាំពិក ដែលមិនធ្លាប់មានការរៀប​ចំពីមុនមក, ពិធីបិទ និងការបដិសណ្ឋារកិច្ចដ៏ល្អប្រសើរជាដើម។

អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងថែមទៀតនោះ គឺការសម្រេចចិត្តរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនយកថ្លៃសំបុត្រ​សម្រាប់ការចូល​រួមពិធីបើក និងបិទ ក៏ដូចជាការប្រកួតដទៃទៀត, មិនយកថ្លៃការផ្សាយ និងកាន់តែ​ពិសេសនោះ គឺការមិនយកថ្លៃសម្រាប់ការស្នាក់នៅ និងការហូបចុករបស់គណៈប្រតិភូ​កីឡា ដែលរឿងទាំងនេះមិនធ្លាប់មានប្រទេសណាមួយធ្វើពីមុននោះឡើយ។

ការរៀបចំដ៏ល្អ អមជាមួយការបដិសណ្ឋារកិច្ចដ៏រួសរាយពីសំណាក់យុវជនស្ម័គ្រចិត្ត បានធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា បានគាស់រំលើងឡើងវិញនូវស្មារតីកីឡា​អូឡាំពិក គឺស្មារតីមិត្តភាព សាមគ្គីភាព ដោយមិនផ្តោតតែលើរឿងឈ្នះ និងចាញ់នោះ​ឡើយ។ កីឡាករ កីឡាការិនី អត្តពលិក ក្រោយបញ្ចប់ការប្រកួត ពួកគេបានសាងនូវ​ស្នាមញញឹម និងអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងច្រើន។

តាមបណ្តាញសង្គមដ៏ពេញនិយមសម័យថ្មី «Tik Tok» គេបានឃើញកីឡាករ កីឡាការិនី និងអត្តពលិកមកពីបណ្តាប្រទេសនានា គេបានបង្ហោះនូវ​អនុស្សាវ​រីយ៍ល្អៗជាមួយគ្នា និងបានបង្ហាញទឹកចិត្តនឹករលឹកដោយមិនចង់ឃ្លាតពីកម្ពុជា​នោះឡើយ។

បន្ថែមពីលើនោះ ក្នុងពិធីបិទការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី១៧ ខែឧសភា ទទួលបានការចាប់អារម្មណ៍ពីស្ថានីយទូរទស្សន៍ «Channel NewsAsia» របស់ប្រទេសសិង្ហបុរី ដែលជាបណ្តាញផ្សព្វផ្សាយដ៏ល្បីមួយ​ក្នុងតំបន់។ ស្ថានីយទូរទស្សន៍នេះ បានផ្សាយបន្តផ្ទាល់នូវទិដ្ឋភាពទាំងស្រុងនៃពិធីបិទនេះ (https://www.youtube.com/watch?v=9_fPZSBeBLI)។

តាមរយៈការផ្សាយផ្ទាល់នេះ គេបានសង្កេតឃើញមានការចូលទស្សនាយ៉ាងច្រើនពី​ប្រជាពលរដ្ឋ​នៃប្រទេសអាស៊ីអាគ្នេយ៍។

ជាមួយការចូលទស្សនាពួកគេក៏បានបញ្ចេញមតិយោបល់យ៉ាងច្រើន។ ភាគច្រើននៃ​មតិយោបល់​របស់ពួកគេ គឺបានស្ញប់ស្ញែងចំពោះការរៀបចំរបស់កម្ពុជា ដែលមាន​ភាព​អស្ចារ្យ ហើយពួកគេក៏បានអរគុណកម្ពុជាសម្រាប់ការផ្តល់​ជូនទាំង​ឡាយផង​ដែរ៕