(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរកម្ពុជា និងប្រជាជនកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជាមួយជោគជ័យជាប្រវត្តិសាស្ត្រក្នុងសម័យកាលដ៏រុងរឿងរបស់កម្ពុជា ហើយល្បីរន្ទឺខ្ទរខ្ទារឮសាយផ្សាយពេញពិភពលោក។

តាមរយៈបណ្ដាញសង្គម លោក ហ៊ុន ម៉ានី បានអះអាងទៀតថា លទ្ធផលដ៏ត្រចះត្រចង់នេះមិនត្រឹមតែជាការរៀបចំតែប៉ុណ្ណោះទេ កម្ពុជាថែមទាំងបានបំបែកកំណត់ត្រាកីឡានានា រួមជាមួយមេដាយសរុបដ៏ច្រើនលើសលុបដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

លោកបន្ដថា ជោគជ័យដ៏ធំមហាសាលនេះ សុទ្ធតែស្តែងចេញពីការចូលរួមរបស់ប្រជាជនខ្មែរគ្រប់ៗរូបដែលជាម្ចាស់ផ្ទះតូច តែបេះដូងធំ ក្រោមការដឹកនាំ ការចង្អុលបង្ហាញ និងគិតគូររៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លើសពីនេះ ពិភពលោកបានស្គាល់ពីបេះដូងដ៏ស្មោះត្រង់ និងស្រស់ស្អាតរបស់កម្ពុជា តាមរយៈទឹកចិត្ត ការអនុគ្រោះ និងបដិសណ្ឋារកិច្ចសម្រាប់អត្តពលិក ទាំងអាហារ និងការស្នាក់នៅ ក៏ដូចជាការចូលទស្សនាការប្រកួត និងការផ្សាយបន្តទៅកាន់ពិភពលោកដោយមិនមានបង់ប្រាក់អ្វីនោះឡើយ។

ជាមួយនឹងមោទនភាព ដែលប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងតែមានព្រមៗគ្នានេះ លោកសូមថ្លែងអំណរគុណ គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងសេនាធិការ ក៏ដូចជាបណ្តាអនុគណៈកម្មការទាំងអស់ដែលជាប្រតិបត្តិករជាក់ស្តែង រួមទាំង អត្តពលិកគ្រប់ៗរូប ដៃគូសហការរៀបចំ ដៃគូផ្សព្វផ្សាយ អ្នកសារព័ត៌មាន ក្រុមការងារបច្ចេកទេស សប្បុរសជន និងអ្នកឧបត្ថម្ភគាំទ្រផ្សេងៗ តាមគោលដៅនិមួយៗ ទាំងយប់ទាំងថ្ងៃ។

លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា ស្របពេលជាមួយគ្នានេះ ពិភពលោកបានស្គាល់នូវប្រណីតភាពនៃវប្បធម៌ អរិយធម៌ខ្មែរ ដែលលើសពីការប្រកួត ជាពិសេសតាមរយៈទស្សនីយភាពក្នុងពិធីបិទ និងពិធីបើកព្រឹត្តិការណ៍ដ៏ស្ញប់ស្ញែង។ ចាប់ពីពេលនេះតទៅ ព្រះរាជាណាចក្រកម្ពុជា បានចារឹកទុកនូវការចូលរួមរបស់គ្រប់ភាគីទាំងអស់ ក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសការសហការចូលរួមផ្តល់ភាសាបេះដូងសម្រាប់កម្ពុជា ដោយប្រជាជនកម្ពុជាគ្រប់ៗរូប៕