(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន​កិត្តិ​យស​​សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានគូសរំលេចថា មូលនិធិកាក​បាទ​​ក្រហមកម្ពុជា ត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព និងពង្រឹងបានភាពម្ចាស់​ការក្នុងប្រតិបត្តិការផ្តល់សេវាកម្មមនុស្សធម៌។

លោក ប៉ាន សូរស័ក្តិ បានគូសរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងពិធី​ទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និង​អឌ្ឍ​ចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទ​ក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការ​អញ្ជើ​ញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន​គណៈ​កម្មាធិការសាខា ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជន និងភ្ញៀវកិត្តិយសជាច្រើនរូប។

លោក ប៉ាន សូរស័ក្តិ បានសម្ដែងសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការ​ចូល​រួម​ពិធីទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣នេះ។ លោកបន្តថា នេះជាឆ្នាំដំបូងហើយ​ដែលមានឱកាសបានមកជួបជុំរៀបចំពិធីទទួលថវិកាសប្បុរសធម៌ ដ៏មហោឡារិក បន្ទាប់ពីកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិនៃជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តថា តាមរយៈរបាយការណ៍របស់លោក អ៊ុន ចាន់​ដា ប្រធានគណៈកម្មាធិការសាខា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មូលនិធិ​ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានកាលពីឆ្នាំកន្លងទៅ សាខាបានប្រើ​ប្រាស់​​ប្រកបដោយដោយតម្លាភាព និងពង្រឹងបាននូវភាពម្ចាស់ការ​ក្នុងប្រតិបត្តិការ​ផ្តល់​សេវាកម្ម មនុស្សធម៌ ដោយបានចាត់ចែងឆ្លើយតបភ្លាមៗទៅនឹងតម្រូវ​ការជាក់​ស្តែង នៃភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ រួមចំណែកធ្វើឱ្យវិស័យអាទិភាព​ទាំង​៤ របស់កាកបាទក្រហមកម្ពុជា សម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរស្របតាម​ទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និងទស្សន​ទាន «អ្វីៗដែលយើងបានធ្វើ គឺចេញពីបេះដូង»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម នឹងបន្តអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ ទៅតាមវិស័យអាទិភាពទាំង៤ គឺ៖ ទី១) ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ទី២) ការងារសុខភាព និងការថែទាំសុខភាព​សហ​គមន៍, ទី៣) ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី៤) គឺការ​អភិវឌ្ឍស្ថាប័ន។

ដើម្បីសម្រេចបានទិសដៅឆ្នាំ២០២៣នេះ ក្នុងនាមគណៈកិត្តិយស​សា​ខា លោក​រដ្ឋ​មន្ត្រី បានអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន អង្គការ សមាគម ក្រុមហ៊ុន និងវិស័យ​ឯកជន បន្តចូលរួមជាកម្លាំងជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បី​ដោះស្រាយបញ្ហាប្រឈម ជួយសម្រាលទុក្ខលំបាកនានា របស់ជនងាយ​រង​គ្រោះ និងបន្តពង្រឹងភាពធន់សហគមន៍ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក តាមសទ្ធា​ជ្រះ​ថ្លា និងការស្ម័គ្រចិត្ត ដើម្បីបុព្វហេតុមនុស្សធម៌ ការពារបាននូវគុណតម្លៃ និង​សេច​​ក្តី​ថ្លៃថ្នូរ​របស់មនុស្សជាតិ ដូចពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទី​កន្លែងសម្រាប់គ្រប់ៗគ្នា»។

លោករដ្ឋមន្ត្រី បន្ថែមថា គ្រប់កិច្ចការទាំងអស់ដែលយើងអាចសម្រេចបាន​នាពេល​បច្ចុប្បន្ននេះ គឺសុទ្ធតែកើតចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម ក្រោមការ​ដឹក​នាំ​ដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងនវានុវត្តន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ រីកចម្រើន និង​មានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ជាតិ និងអន្តរជាតិ ហើយអ្វីដែលជាមោទក​ភាព​បំផុតនោះ គឺជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀប​ចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលទើបបានបិទ​បញ្ចប់​កាលពីល្ងាចថ្ងៃម្សិលមិញ នៅពហុកីឡដ្ឋានមរតកតេជោ ប្រកបដោយភាពអធិក​អធម​ក្រៃលែង។ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឱ្យពិភពលោកមើលឃើញ កាន់តែច្បាស់ថា កម្ពុជាកំពុង​បោះ​ជំហាន​ទៅមុខ ប្រកបដោយភាពជឿជាក់លើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការគោរពដឹងគុណយ៉ាង​ជ្រាល​ជ្រៅ​បំផុតចំពោះវីរភាពស្នាដៃដ៏ធំធេងរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ចាម ដែលកន្លងមក សម្តេច បានខិតខំស្តារនូវកិត្តិយសសាខា រួមទាំងប្រឹងប្រែងកៀរគររកមូលនិធិបាន​យ៉ាងច្រើនពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់សាខាកាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម នៅគ្រប់អាណត្តិ រហូតមានលទ្ធភាពម្ចាស់ការក្នុងការដោះស្រាយ​ជួយ​ជនរងគ្រោះ និងងាយរងគ្រោះដោយមហន្តរាយ និងប្រការផ្សេងៗ បានទាន់​ពេល​វេលា និងយ៉ាងមានប្រសិទ្ធភាពបំផុត។

លោករដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ​ប្រឹង​ប្រែងរបស់គណៈកម្មាធិការសាខាអាណត្តិទី៥ ដែលជានិច្ចកាលបានយកចិត្តទុក​ដាក់​​បំពេញការងារប្រកបដោយភាពបុរេសកម្ម មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយ រហូតសម្រេចបានលទ្ធផលធំធេងនា​ពេល​នេះ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន​គ្រប់មជ្ឈ​ដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំ​ទ្រ​ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ទោះបីជាពុំបានធ្វើការប្រារព្ធ​ពិធី​អបអរ​ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយសារស្ថានភាព​នៃ​ជំងឺកូវីដ-១៩ ក៏ដោយ៕