(ភ្នំពេញ)៖ បណ្តាញចលនាស្ត្រីខណ្ឌជ្រោយចង្វារ បានចូលរួមជាមួយលោកស្រី អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី, អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌ បានអញ្ជើញចុះសំណោះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ដែលមានជីវភាពខ្វះខាត ចំនួន ១០គ្រួសារ ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះដាច់។

ក្នុងឱកាសនោះ លោកស្រី អ៊ួង សុផល្លារ បាននាំយកអំណោយជាសម្ភារ និងថវិកាចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ០១បាវ ស្មើនឹង២៥គីឡូ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ក្រមា១, សារុង១, ប្រេងក្រឡា១, ប្រេងខ្យល់១ និងថវិកា៥០,០០០រៀល។

អំណោយទាំងអស់ បានមកពី៖ អង្ករសម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា ឧបត្ថម្ភអង្ករចំនួន ១០បាវ ស្មើនឹង២៥០គីឡូក្រាម, មី១០កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ត្រីខ១០យួរ និងថវិកាចំនួន៥០០,០០០រៀល ជាអំណោយរបស់លោក ឃ្លាំង ហួត និងលោកស្រី។ លោកស្រី កែវ ច័ន្ទស៊ុនណារី ឧបត្ថម្ភក្រមាចំនួន១០ និងសារុង ចំនួន១០។

ក្នុងឱកាសនោះដែរ លោកស្រីបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មិនឲ្យកូនចៅ របស់លោករស់ដោយអត់អាហារ ការថែរក្សាសុខភាព អនាម័យ ៣កុំ ៣ការពារដើម្បីជៀសឲ្យផុតពីជំងឺកូវីដ១៩ និងរួមគ្នាថែរក្សាសន្តិភាពបច្ចុប្បន្នឲ្យបានគង់វង់ ដើម្បីអនាគតកូនចៅយើង៕