(ភ្នំពេញ)៖ អនុប្រធាន និងសមាជិកបក្សភ្លើងទៀននៅខេត្តព្រះសីហនុ និងខេត្តកែប បានសម្តែងការគាំទ្រទាំងស្រុងទៅលើវិធានការច្បាប់របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) មិនចុះឈ្មោះឱ្យគណបក្សភ្លើងទៀនចូលរួម​បោះឆ្នោត​ជ្រើស​​រើសតំណាងរាស្ត្រនីតិកាលទី៧។

តាមរយៈវីដេអូឃ្លីបមួយដែល Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក ម៉ម សារ៉ាន់ សមាជិកក្រុមការងាគណបក្សភ្លេីងទៀនខេត្ត ព្រះសីហនុ និងលោក គា សុភក្កិ អនុប្រធានក្រុមការងារគណបក្សភ្លេីងទៀន​ខេត្ត​កែប បានចាត់ទុកការដែល គ.ជ.ប បដិសេធមិនចុះឈ្មោះឱ្យបក្សភ្លើងទៀនចូល​រួម​បោះ​ឆ្នោត គឺជាកំហុសនៃការធ្វេសប្រហែសរបស់មេដឹកនាំបក្សភ្លើងទៀនសុទ្ធសាធ។

«វាគឺជាការខ្ជះខ្ជាយ ខ្វះភាពទទួលខុសត្រូវរបស់គណបក្សភ្លើងទៀន។ ឯកសារមួយច្បាប់ យើងមិនអាចធ្វើបាន យើងមិនអាចបំពេញលក្ខខណ្ឌតិចតួច ដែល គ.ជ.ប តម្រូវ។ យើងប្រៀបធៀបមើលគណបក្សដទៃទៀត គេអាចធ្វើបាន តើហេតុអ្វីគណបក្សភ្លើងទៀនយើង ឯកសារមួយយើងមិនអាចធ្វើបាន? ហើយយើងទៅបន្ទោសការរៀបចំរបស់ គ.ជ.ប។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំមួយរូបរបស់បក្ស ខ្ញុំសូមគាំទ្រនូវចំណាត់ការរបស់ គ.ជ.ប»។ នេះជាការលើកឡើងរបស់លោក ម៉ម សារ៉ាន់។

បន្ថែមពីលើនេះ លោក ម៉ម សារ៉ាន់ បានចាត់ទុកការដែល គ.ជ.ប មិនចុះបញ្ជីឈ្មោះឱ្យបក្សភ្លើងទៀនចូលរួមបោះឆ្នោតនេះ គឺជាបាបកម្មរបស់គណបក្សភ្លើងទៀន។ បាបកម្មនោះ គឺគណបក្សភ្លើងទៀន ជាបក្សនយោបាយ ដែលប្រព្រឹត្តអំពើបាបច្រើនទៅលើសកម្មជនខ្លួនឯង និងអ្នកគាំទ្ររបស់ខ្លួន។

លោក ម៉ម សារ៉ាន់ បានបើកកកាយទៀតថា អំពើបាបដែលបក្សភ្លើងទៀន ប្រព្រឹត្ត​លើសមាជិក និងអ្នកគាំទ្រនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ លោក ម៉ម សារ៉ាន់ បានអំពាវនាវដល់សមាជិកបក្សភ្លើងទៀន​ទាំង​អស់ឈប់ដើរតាមបក្ស ហើយនាំគ្នាទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។

ថ្នាក់ដឹកនាំបក្សភ្លើងទៀនទាំងពីររូបនេះ ក៏បានគូសរំលេចដែរថា បក្សភ្លើងទៀន គឺជាបក្សដែលពុករលួយ បក្ខពួកនិយម និងធ្វើរឿងអយុត្តិធម៌បំផុតដាក់សមាជិករបស់ខ្លួន៕