(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ (MS, KRISTELL NIASME) សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame។

ក្នុងជំនួបនៅសាលារាជធានីភ្នំពេញ លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ បានលើកឡើងថា លោកស្រី គឺជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិ និងគម្រោងអនាម័យ។ លោកស្រី ចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរ ជាមួយនិងការចែករំលែកចំណេះដឹង និងបទពិសោធន៍
ជូនដល់រាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ។

លោកស្រី គ្រីសស្ទែល នីយ៉ាសម៏ បានបញ្ជាក់ថា ស្ថាប័ន SIAAP ជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិ និងគម្រោងអនាម័យ។ ចំពោះគម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្រុមការងាររបស់លោកស្រី នឹងទៅពិនិត្យមើលនៅថ្ងៃស្អែកនេះ។

លោកស្រីបញ្ជាក់ថា SIAAP ជាអង្គការមួយ ធ្វើប្រតិកម្មទឹកស្អាត ដោយអង្គការ មានរោងចក្រ៦កន្លែង អង្គការជាដៃគូររបស់ទីក្រុងប៉ារីស ក្នុងការការប្រែគុណភាពទឹកអោយល្អប្រសើរ ដើម្បីប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ កុំអោយមានបញ្ហាទឹក។ លោកស្រី ពិតរីករាយ លើការចែកចំណេះដឹងដល់រាជធានីភ្នំពេញ ក្នុងបំណងចង់ឲ្យប្រជាពលរដ្ឋរស់នៅ ដោយមានក្តីសុខសប្បាយ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានលើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេសបញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម។

លោក ឃួង ស្រេង បានបន្ថែមថា មុនការរាតត្បាតជម្ងឺកូវីដ-១៩ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ជាទីក្រុងស៊ីវីល័យ។ ជំងឺកូវីដ១៩ មិនថា នៅរាជធានីភ្នំពេញ ឬនៅទូទាំងប្រទេសនោះទេ គឺបានរីករាលដាលពាសពេញប្រទេស តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អាចទប់ស្កាត់បាន និងបានបើកសេដ្ឋកិច្ចប្រទេសឲ្យដំណើរការជាប្រក្រតីឡើងវិញ តែដោយមានបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន វាក៏បានធ្វើឲ្យកម្ពុជាប៉ះពាល់សេដ្ឋកិច្ចផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងបានខិតខំប្រឹងប្រែង ប្រែក្លាយទីក្រុងមួយនេះ ជាទីក្រុងមានការអភិវឌ្ឍនិងស៊ីវីល័យ។

លោក ឃួង ស្រេង បន្តទៀតថា ប្រទេសកម្ពុជា បានទទួលកិច្ចប្រជុំធំៗជាច្រើនទទួលបានជោគជ័យ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ឧសភា ម្សិលម៉ិញនេះ ប្រទេសកម្ពុជា បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយជោគជ័យនេះជាមោទនភាពរបស់កម្ពុជា។

លោក ឃួង ស្រេង បន្តទៀតថា រាជធានីភ្នំពេញ មិនអាចភ្លេចបាន ជាមួយទំនាក់ទំនង់សម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានា និងជាមួយបណ្តាញទីក្រុងទាំងឡាយ នៃអាស៊ីអាគ្នេយ៍នៃ AIMF ទីក្រុងប្រើប្រាស់ភាសាភារាំងបានឡើយ។ លោកបញ្ជាក់ថា រាល់ជំនួយរបស់ទីក្រុងប្រើប្រាស់ភាសាបារាំង យើងនឹងយកទៅប្រើប្រាស់ឲ្យចំទិសដៅ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបន្តថា ពិធីសម្ពោធស្ថានីយ៍ប្រព្រឹត្តិកម្មកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ នៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ស្អែកនេះ ADB នឹងទៅពិនិត្យ ដោយយកចិត្តទុកដាក់ ចំពោះគម្រោងភក់បង្គន់ ហើយ ADB នឹងយកគម្រោងនេះ ទៅធ្វើជាគម្រោងសម្រាប់ទៅអនុវត្តតាមបណ្តាលខេត្តផ្សេងទៀត៕