(ភ្នំពេញ)៖​ អង្គការយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានចេញញត្តិគាំទ្រ ការអនុម័តរបស់ គ.ជ.ប ដែលបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដោយសារតែបក្សនេះ មិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌតម្រូវ។ នេះបើតាមញត្តិដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ។

អង្គការយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នៃអង្គការយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលសុទ្ធសឹងជាអ្នកស្រឡាញ់យុត្តិធម៌សង្គម នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍ សូមគាំទ្រសេចក្តីប្រកាសព័ត៌មានរបស់គណ:កម្មាធិការជាតិរៀបចំ ការបោះឆ្នោត គ.ជ.ប ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានបំពេញលក្ខខណ្ឌដែលច្បាប់តម្រូវ ។ ការបដិសេធនេះត្រូវបាន គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវ ស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»

ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប គិតត្រឹមថ្ងៃច័ន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីរបស់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន១៨ (ដប់ប្រាំបី) គណបក្សនយោបាយ ដោយឡែកមានតគណបក្សភ្លើងទៀន តែមួយគត់ដែលត្រូវបាន គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយ នេះបញ្ជាក់ឱ្យឃើញថា ជាចេតនារបស់គណបក្សភ្លើងទៀន មិនព្រមប្រគល់ឯកសារត្រឹមត្រូវគ្រប់ជ្រុងជ្រោយមក គ.ជ.ប និងមានចេតនាតែងតែបង្កភាពអសន្តិសុខដល់សង្គមជាតិទាំងមូល និងព្យាយាមបង្វែរស្ថានការណ៍នយោបាយរបស់ ខ្លួនគ្រប់កាលៈទេសៈ។

ថ្នាក់ដឹកនាំអង្គការយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា សូមស្នើសុំឱ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គោរពគោលការណ៍សុច្ចរិត តម្លាភាព និងត្រឹមត្រូវផ្អែកលើច្បាប់ និងបទប្បញ្ញត្តិ ដែលមានជាធរមាន ដើម្បីចៀសវាងអសន្តិសុខក្នុងសង្គម ដែលប្រទេសជាតិកំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍន៍៕