(ភ្នំពេញ)៖​ សហភាពអង្គការសង្គមស៉ីវិល ដែលមានក្រុមយុវជន អង្គការ និងសមាគមចំនួន២២ បានចេញញត្តិគាំទ្រ ការអនុម័តរបស់ គ.ជ.ប ដែលបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដោយសារតែបក្សនេះ មិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌតម្រូវ។ នេះបើតាមញត្តិដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ។

ញត្តិរបស់សហភាពអង្គការសង្គមស៉ីវិល បានបញ្ជាក់ថា យោងតាមលិខិត គ.ជ.ប ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលបានបដិសេធការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដោយមូលហេតុ គណបក្សភ្លើងទៀន ពុំទាន់មាននីតិសម្បទាគ្រប់គ្រាន់ក្នុងការចុះបញ្ជីគណបក្សនយោបាយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប គិតត្រឹមថ្ងៃច័ន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេច ទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន១៨ (ដប់ប្រាំបី) គណបក្សនយោបាយ មានតែគណបក្សភ្លើងទៀន តែប៉ុណ្ណោះដែល គ.ជ.ប បដិសេធការចុះបញ្ជី ដោយមូលហេតុមិនព្រមអនុវត្ត ទៅតាមនីតិវិធីចុះបញ្ជីគណបក្សនយោបាយឱ្យបានត្រឹមត្រូវ។

សហភាពអង្គការសង្គមស៊ីវិល (ដែលមានសមាជិក២២ក្រុមយុវជន សមាគម អង្គការ) សូមគាំទ្រសេចក្តី ប្រកាសព័ត៌មានរបស់ គ.ជ.ប និងសូមស្នើឱ្យថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន អនុវត្តតាមគោលការណ៍ស្មើភាព និងអនុវត្តច្បាប់ឱ្យមានតម្លាភាព កុំព្យាយាមបង្ករភាពវឹកវរ និងចលាចលក្នុងសង្គមដែលបណ្តាលឱ្យប៉ះពាល់មុខ មាត់ប្រទេសជាតិទាំងមូល។

សហភាពអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់ គណបក្សភ្លើងទៀន មេត្តាអនុវត្តនូវនីតិវីធី ចុះបញ្ជីគណបក្សនយោបាយរបស់ខ្លួន ឱ្យមានតម្លាភាពតាមផ្លូវច្បាប់ និងបញ្ឈប់រាល់អំពើដែលបង្កឱ្យមានភាពវឹកវរ និងចលាចលក្នុងសង្គមបន្តទៀត៕