(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីទទួលអំណោយមនុស្សធម៌ជាមួយ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនពីសាលាអន្តរជាតិ វេស្ទលែនដ៍ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឍ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»

លោកឧកញ៉ា ជា ដាណា អគ្គនាយក និងប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ វេស្ទលែនដ៍ អមដំណើរដោយលោក ថន សុកលីម នាយកប្រតិបត្តិ និងគណៈគ្រប់គ្រងសាលា បាននាំយកថវិកាចំនួន ២,០០០ដុល្លារ, អង្ករចំនួន ២តោន ,ទឹកសុទ្ធ ១០០កេស ,ត្រីខ ៥០យួរ ,មី ៥០កេស ជូនកាកបាទក្រហមកម្ពុជាសាខាខេត្តកណ្តាល។

លោកឧកញ៉ា ជា ដាណា ថ្លែងថា ដ្បិតនេះអំណោយបន្តិចបន្តួចមែនពិត ប៉ុន្តែបានឆ្លុះបញ្ចាំងឲ្យឃើញពីបេះដូងកូនខ្មែរស្រលាញ់ខ្មែរ ចង់ជួយប្រជាជនក្រីក្រ ជនងាយរងគ្រោះ តាមរយ:កាកបាទក្រហមកម្ពុជា ខណ:ដែលកាកាបាទក្រហមកម្ពុជាបានធ្វើការជួយដល់ពលរដ្ឋបានច្រើនខ្លាំងណាស់។

ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ដែលបានបរិច្ចាគជួយដល់ជនក្រីក្រ ជនងាយរងគ្រោះតាមរយ:សាខាកាកបាទក្រហម។

លោកបានសន្យាថា សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ ផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលដោយម៉ត់ចត់បំផុត មានតួលេខចំណូលចំណាយត្រឹមត្រូវ ចាយវាយតាមប្រព័ន្ធធនាគារ គ្មានការកិបកេងសូម្បីមួយកាក់មួយសេន ពោលគឺច្បាស់លាស់ណាស់លើកិច្ចការនេះ ខណ:ដែលមួយឆ្នាំៗសាខាកាកបាទទទួលបានជំនួយចន្លោះពី៤០ម៉ឺនដុល្លារ ទៅ៥០ម៉ឺនដុល្លារសហរដ្ឋអាមរិក៕