​(ភ្នំពេញ)៖ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បាន​​ចុះពិនិត្យមើលវឌ្ឍនភាពគម្រោង​សាងសង់ស្ថានីយបូមទឹកឆៅថ្មី កោះនរា ​ដែលជាស្ថានីយ៍បូមទឹកឆៅដ៏ធំមួយ សម្រាប់ផ្តល់ទឹកដល់រោងចក្រផលិតទឹកស្អាត និរោធជំហានទី១ និងជំហានទី២ ​ និងសម្រាប់ផ្គត់ដល់គម្រោងរោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី៣។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា មានសមត្ថភាពបូមទឹកឆៅប្រមាណ​ ៤៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ​ ដែលបច្ចុប្បន្ននេះ សម្រេចការសាងសង់សំណង់អគារ និងអណ្តូងបានប្រមាណ ៧៨%ហើយ និងត្រៀមដំឡើងបំពង់ទុយោតចេញពីស្ថានីយបូមទឹកឆៅ និងគ្រោងដំឡើងបរិក្ខាផ្សេងៗ ដែលនឹងអាចរួចរាល់នៅដើមឆ្នាំ២០២៤។

​លោកបន្តថា គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គឺជាស្ថានីយ៍បូមទឹកឆៅដ៏ធំមួយ ​ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ទឹកឆៅ ដល់រោងចក្រផលិតទឹកស្អាត និរោធជំហានទី១ និងជំហានទី២ ដែលកំពុងផលិតទឹកស្អាតប្រើប្រាស់បច្ចុប្បន្ន។​ ​ព្រមទាំងសម្រាប់ផ្គត់ទឹកឆៅ ដល់គម្រោងរោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី៣ ដែលរោងចក្រនេះនឹងចាប់ផ្តើមសាងសង់ចាប់ពីដើមឆ្នាំ២០២៥ទៅ។

លោក ឡុង ណារ៉ូ បានឱ្យដឹងផងដែរថា គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ ​ចំណាយថវិកាប្រមាណ ២៨លានដុល្លារអាមេរិក។

បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បច្ចុប្បន្ននេះអតិថិជនដែលប្រើប្រាស់បណ្តាញទឹកស្អាតនៅរាជធានីភ្នំពេញ មានប្រមាណ ៤៤ម៉ឺនអតិថិជន ខណៈរហូតដំណាច់ឆ្នាំនេះ រដ្ឋាករទឹកគ្រោងនឹងបង្កើនការផ្គត់ចំនួន ៣៥០០០អតិថិជនបន្ថែមទៀត ដែលនឹងឡើងដល់ជាង ៤៧ម៉ឺនអតិថិជន៕