(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ​(MoU) ស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់មន្ត្រីពន្ធដារទូទាំងប្រទេស ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា។

ការចុះ MoU ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ត្រីពន្ធដារ និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា សរុបប្រមាណ ១២៨នាក់។

ជាកិច្ចចាប់ផ្តើម ឧកញ៉ា គួន ធីតា បានមានមតិស្វាគមន៍ និងបានលើកឡើងថា ការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់មន្ត្រីពន្ធដារទូទាំងប្រទេស គឺដើម្បីចូលរួមលើកកំពស់វិស័យសុខាភិបាល និងចូលរួមក្នុងការកាត់បន្ថយចំណាយក្នុងការព្យាបាល និងថែទាំសុខភាពរបស់មន្ត្រីពន្ធដារទាំងអស់ ដែលកំពុងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការប្រមូលចំណូលចូលថវិកាជាតិ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងជឿនលឿន។ មន្ទីរពេទ្យអន្តរជាតិ អរៀនដានឹងផ្តល់នូវកញ្ចប់ពិនិត្យសុខភាពដល់ថ្នាក់ដឹកនាំ មន្រ្តី មន្រ្តីជាប់កិច្ចសន្យា និងក្រុមគ្រួសាររបស់មន្ត្រី មន្ត្រីជាប់កិច្ចសន្យារបស់អគ្គនាយកដ្ឋានពន្ធដារ។

ឧកញ៉ា គួន ធីតា បានបន្ថែមទៀតថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗដូចជា៖ ម៉ាស៉ីន MRI, ម៉ាស៉ីន CT Scan, ម៉ាស៉ីនថតកាំរស្មីអ៉ិច, ម៉ាស៉ីនវាស់កំហាប់ឆ្អឹង, ម៉ាស៉ីនថតកៀបសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៉ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយខាងក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។ ម៉ាស៉ីនទំនើបៗរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ត្រូវបានថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ការបកប្រែលទ្ធផលថត គឺធ្វើនៅប្រទេសសិង្ហបុរីដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី ដូច្នេះអាចធានាបានថា លទ្ធផលនៃការពិនិត្យមានភាពច្បាស់លាស់១០០% មិនចាញ់ក្រៅប្រទេសឡើង។

ជាកិច្ចបន្ទាប់ លោក គង់ វិបុល ក៏បានមានមតិសំណេះសំណាល និងលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារតែងតែយកចិត្តទុកដាក់ខ្ពស់លើ «ធនធានមនុស្ស» រួមទាំងការពង្រឹងប្រសិទ្ធភាពការងារ និងការគិតគូរពីសុខុមាលភាពរបស់ថ្នាក់ដឹកនាំ មន្ត្រី និងមន្ត្រីកិច្ចសន្យា។ ដោយសារបញ្ហាសុខភាព គឺជារឿងមួយដ៏សំខាន់សម្រាប់ជិវិតរស់នៅរបស់មនុស្សគ្រប់រូប ហើយមនុស្សដែលមានសុខភាពល្អទើបមានអារម្មណ៍ចង់ធ្វើការងារ និងបំពេញការងារទទួលបានលទ្ធផលនិងសម្រេចបានជោគជ័យ។ ជាមួយគ្នានោះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បាននិងកំពុងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់មន្រ្តីរាជការពន្ធដារ ដែលវាក៏ជាកត្តាសំខាន់និងចាំបាច់ក្នុងការបំពេញការងារកៀរគរចំណូលចូលថវិកាជាតិ ក៏ដូចជាការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធឱ្យបានល្អប្រសើរដែរ បើយើងមិនមានសុខភាពល្អនោះទេ យើងក៏មិនអាចបំពេញការងារ និងផ្តល់សេវាជូនអ្នកជាប់ពន្ធបានដែរ។ ដូចនេះ ការស្វែងរកមន្ទីរពេទ្យដែលមានកម្រិតស្តង់ដារ និងមានតម្លៃសមរម្យ ក្នុងការផ្តល់សេវាសុខាភិបាលឯកជនជូន ថ្នាក់ដឹកនាំ មន្រ្តី មន្រ្តីជាប់កិច្ចសន្យា និងគ្រួសាររបស់ពួកគាត់ គឺជាកត្តាសំខាន់និងចាំបាច់។

ដោយពិនិត្យឃើញថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានលក្ខណសម្បត្តិគ្រប់គ្រាន់ ដោយមានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗ មានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ ហើយដែលបានខិតខំវិវត្តខ្លួន តាំងពី Clinic តូចមួយ (ឈ្មោះ សុខា) ផ្តល់សេវាកម្មលើការពិគ្រោះ និងព្យាបាលតែផ្នែករោគស្រ្តី និងជំងឺលំបាកមានកូនរហូតក្លាយជាមន្ទីរពេទ្យពហុព្យាបាល ស្ដង់ដារអន្តរជាតិ និងជួយសង្គ្រោះជំងឺធ្ងន់ៗ ព្រមទាំង ទទួលបានវិញ្ញាបណ្ណប័ត្រទទួលស្គាល់ពីគុណភាពស្តង់ដារអន្តរជាតិ ISO 9001: 2015 ពី UE CERT និងពានរង្វាន់ Best Women’s Health Care ពី Global Health Award ប្រទេសសឹង្ហបុរី។ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដើម្បីផ្តល់កញ្ចប់សេវាសុខភាពជូនថ្នាក់ដឹកនាំ មន្ត្រី មន្រ្តីជាប់កិច្ចសន្យា និងគ្រួសាររបស់ពួកគាត់។

គួរបញ្ជាក់ផងដែរថា នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានពន្ធដារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានព្រមព្រៀងគ្នាលើការផ្តល់សេវាសុខភាពរួមមាន៖

* ១៖ ការពិនិត្យសុខភាព កញ្ចប់ពិស្តារ (Comprehensive Health Check Up Program)
* ២៖ ការពិនិត្យសុខភាព កញ្ចប់ស្តង់ដារ (Standard Health Check Up Program) កញ្ចប់លម្អិត (Executive Health Check Up Program) និងកញ្ចប់ពិស្តារ (Comprehensive Health Check Up Program)
* និង ៣៖ សេវាពិនិត្យ និងព្យាបាលលើគ្រប់សេវាកម្មទាំងអស់ សម្រាប់មន្រ្តី មន្រ្តីជាប់កិច្ចសន្យា និងក្រុមគ្រួសារ។ លក្ខខណ្ឌក្នុងការទទួលបានសេវាកម្មនេះ មន្រ្តី មន្រ្តីជាប់កិច្ចសន្យា និងក្រុមគ្រួសារ ត្រូវមានប័ណ្ណសម្គាល់ជាមន្ត្រី មន្ត្រីជាប់កិច្ចសន្យា និងមានភ្ជាប់នូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬឯកសារបញ្ជាក់ពីអត្តសញ្ញាណ សម្រាប់គ្រួសារ។

ជាកិច្ចបញ្ចប់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ាប្រធានក្រុមប្រឹក្សា នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលបានផ្តល់កញ្ចប់លើសេវាសុខភាព ជូនថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ មន្ត្រីពន្ធដារ៕