(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេច បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ប្រកាស១ នៃសេចក្តីសម្រេចរបស់ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា «បដិសេធការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន៧ (ប្រាំពីរ) មណ្ឌលរាជធានីខេត្ត ដោយមូលហេតុ គណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»

សូមជម្រាបថា គណបក្សមហាសាមគ្គីជាតិខ្មែរ ជាគណបក្សនយោបាយទី២ បន្ទាប់ពីគណបក្សភ្លើងទៀន ដែលត្រូវបាន គ.ជ.ប បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយសារមិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌតម្រូវ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ដោយឡែកគណបក្សនយោបាយចំនួន ១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីគណបក្សទាំងនោះបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត៕