(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ ត្រូវសាងសង់ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាព។

នេះជាការណែនាំបស់លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌចំការមន ក្នុងឱកាសអញ្ជើញជាតំណាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខណ្ឌចំការមន ដោយមានការចូលរួមពីលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌផងដែរ និងមានក្រុមហ៊ុនចូលរួមដេញថ្លៃ ចំនួន ០៥ក្រុមហ៊ុន។

លោក ហ៊ត វ៉ាន់ធី ថ្លែងអំណរគុណចំពោះលោកអភិបាលរាជធានី ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ស្ថាបនាលូមេ ស្ដារលូ ជួសជុលផ្លូវ ស្ថាបនាស្ពានអាកាសថ្មើរជើង កែលំអរសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡា នៅតាមដងផ្លូវនានា។ល។ សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យភូមិសាស្ត្រខណ្ឌចំការមន មានការអភិវឌ្ឍ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ដល់ប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល បានធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងទទួលបាននូវភាពកក់ក្ដៅលើការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៣ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលដាក់ឱ្យដេញថ្លៃនាពេលនេះរួមមាន៖

*ទី១៖ សង្កាត់ទន្លេបាសាក់៖ ដាក់លូដោះទឹក ទំហ៊ុំ ០.៦ ម៉ែត្រ ប្រវែង២៤៣ម៉ែត្រ និងជួសជុលអណ្តូងចំនួន ១០អណ្តូង ជួសជុលចាក់បេតុង ទំហ៊ុំ ៧៣ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មាន ១០៩,៨៥៤,៤០៩រៀល។
*ទី២៖ សង្កាត់ទួលទំពូងទី១៖ ដាក់លូដោះទឹក ទំហ៊ុំ ០.៦ម៉ែត្រ ប្រវែង១៦៤ម៉ែត្រ និងជួសជុលអណ្តូងចំនួន ៧អណ្តូង ជួសជុលចាក់បេតុង ទំហ៊ុំ ១២៥ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មាន ១៤៤,៩៧៣,២៧២រៀល។
*ទី៣៖ សង្កាត់ទួលទំពូងទី២៖ ដាក់លូដោះទឹក ទំហ៊ុំ០.៦ម៉ែត្រ ប្រវែង២៤៦ម៉ែត្រ និងជួសជុលអណ្តូងចំនួន ១០អណ្តូង តម្លៃប៉ាន់ស្មាន ១៣៣,៦២២,៤០០ រៀល។
*ទី៤៖ សង្កាត់បឹងត្របែក ដាក់លូដោះទឹក ទំហំ៊ុំ០.៦ម៉ែត្រ ប្រវែង៤០៥ម៉ែត្រ និងជួសជុលអណ្តូងចំនួន ១៨អណ្តូង តម្លៃប៉ាន់ស្មាន ១៤៧,៨១៩,២២២រៀល។
*ទី៥៖ សង្កាត់ផ្សារដើមថ្កូវ៖ ដាក់លូដោះទឹក ទំហ៊ុំ ០.៦ម៉ែត្រ ប្រវែង៩៣៩ម៉ែត្រ និងជួសជុលអណ្តូងចំនួន ១៦អណ្តូង តម្លៃប៉ាន់ស្មាន ១៣៥,៧៧៥,០៦៣រៀល។

ក្នុងឱកាសនេះ លោកអភិបាលរងខណ្ឌ បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាឱ្យបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យាគោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ កុំឱ្យមានការដេញថ្លៃបានហើយបែរជាអនុវត្តមិនបាន ។

លោកបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញនឹងចុះត្រួតពិនិត្យការងារអនុវត្តគម្រោងរបស់សង្កាត់ទាំងអស់ អញ្ចឹងទេសុំឱ្យក្រុមហ៊ុនទាំងអស់យកចិត្តទុកដាក់ដោយការដេញថ្លៃនេះ សូមឱ្យធានាបាននូវភាពត្រឹមត្រូវគិតគូរឱ្យបានច្បាស់លាស់ នូវតម្លៃ និងទំហំការងារ និងធានាសុវត្ថិភាពជូនដល់សាធារណៈជន និងធានាដល់គុណភាពស្របតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ៕