(ភ្នំពេញ)៖ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០,០០០ម៉ែត្រគូប ក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត ១៣ដង ដូច្នេះទាមទារឱ្យយកចិត្តទុកដាក់ គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ឱ្យបានត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេស។

នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសលោក និងលោកស្រី អារីយ៉ាណា អាដេហ្ស៉ី លេខាធិការរងអចិន្ត្រៃយ៍ ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ នៃសមាគមអន្តរជាតិ នៃអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង ព្រមទាំងលោក ការីម ហ្ស៉ីយ៉ាឌី សមាជិកក្រុមប្រឹក្សាភិបាលស្ថាប័ន (SIAAP) និងជាតំណាងទីក្រុងប៉ារីស តំបន់សហជីព finu (SIAAP) ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ឃួង ស្រេង បានលើកឡើកថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់ អស់ចំនួន ១,១៩៤,៥៥៧ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទាន សរុបជាង ៣,៧លានដុល្លារអាមេរិក ដែលជាការចូលរួមពីដៃគូរួមមាន៖ សហជីព ស៉្យាប (SIAAP), សមាគម អា.អុី.អឹម.អេហ្វ, ទីភ្នាក់ងារ អេ អុី អេស អុិន (AESN) និងថវិកាបដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។

នេះជាចំណងដៃរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អា.ស៊ី.អឹម.អេហ្វ ជូនចំពោះប្រជាជនក្មងរាជធានីភ្នំពេញ សំដៅលើកកម្ពស់អនាម័យ-បរិស្ថាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាពស៊ីវិល័យរបស់ប្រជាជនក្នុងទីក្រុង។

លោក ឃួង ស្រេង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦,០០០ម៉ែត្រគូប ក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០,០០០ម៉ែត្រគូប ក្នុង១ឆ្នាំ ពោលគឺកើនឡើងជិត ១៣ដង ដូច្នេះ ទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់នេះឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេស»

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ការស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើនប្រជាពលរដ្ឋកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និងការកើនឡើងផ្នែកជីវភាព តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះគម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ សំខាន់ចំនួន៣ រួមមាន៖

*ទី១៖ អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ
*ទី២៖ អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី
*ទី៣៖ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបានទៅក្នុងទីផ្សារកសិកម្ម ឬអាចនិយាយបានថា «យកសំណល់ គ្រប់គ្រងសំណល់»

ទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ណែនាំ និងផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋដែលធ្វើអាជីវកម្មបូមភក់បង្គន់នៅក្នុងរាជធានីភ្នំពេញទាំងអស់ រាល់ការធ្វើ អាជីវកម្មបូមភក់បង្គន់ត្រូវនាំមកចាក់នៅអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ដើម្បីសុខមាលភាពប្រជាជន។ បើណែនាំហើយមិនព្រមអនុវត្តនោះរដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការរដ្ឋបាល ដោយមិនអាចឱ្យពួកគាត់ យកទៅចាក់ចោលពាសវាលពាសកាលដូចមុនទៀតទេ។

លោកស្រី អារីយ៉ាណា អាដេហ្ស៉ី ក៏ដូចជាលោក ការីម ហ្ស៉ីយ៉ាឌី បានលើកឡើងផងដែរថា៖ «យើងបានធ្វើការសិក្សា ១០ឆ្នាំហើយ លើការងារប្រតិកម្មទឹកស្អាតជាលទ្ធផលយើងបានបើកការដ្ឋានស្ថាបនា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ហើយនេះក៏ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ។ ក្រោយបើកសម្ពោធដាក់ឱ្យប្រើប្រាស់ យើងមិនបោះបង់ចោលនោះទេ គឺយើងនឹងបញ្ជូនអ្នកបច្ចេកទេសមកជួយដល់ស្ថានីយនេះសំដៅធ្វើយ៉ាងណាឱ្យការងារមួយនេះ ទទួលបានជោគជ័យសម្រាប់សុខមាលភាពប្រជាពលរដ្ឋ»