(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន១៨ លើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ដោយឡែកគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប បដិសេធដោយសារមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងច្បាប់កំណត់។

តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប។  

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

ទី១៖ ឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធសម្រាប់ជ្រើសរើសសមាសភាព គណៈកម្មការការិយាល័យបោះឆ្នោត ដែលរួមមាន៖

*សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យ-បោះឆ្នោត ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ
*សេចក្តីជូនដំណឹងនៃការជ្រើសរើស និងភារកិច្ចរបស់សមាសភាពគណៈកម្មការ ការិយាល័យបោះឆ្នោត
*សេចក្តីណែនាំស្តីពីនីតិវិធីនៃការធ្វើសម្ភាសន៍ជ្រើសរើសសមាសភាពគណៈកម្មការ ការិយាល័យបោះឆ្នោត
*លិខិតជម្រាបជូន លោក លោកស្រី ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត អំពី សេចក្តីណែនាំស្តីពីការជ្រើសរើសសមាសភាពគណៈកម្មការិយាល័យបោះឆ្នោត។

យោងតាមឯកសារខាងលើ គ.ជ.ប នឹងធ្វើការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត សរុបទូទាំងប្រទេសចំនួន ១៤២,៧៣៤រូប ដែលជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាម គណៈកម្មការការិយាល័យបោះឆ្នោតទូទាំងប្រទេស។ ចំពោះកាលបរិច្ឆេទនៃការជ្រើសរើសនឹងត្រូវធ្វើការផ្សព្វផ្សាយតាមរយៈសេចក្តីជូនដំណឹងនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣។ 

ទី២៖ គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន៧ មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុគណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។

ក្នុងដំណើរការពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយ ចំនួន៥ ត្រូវបាន គ.ជ.ប ចេញលិខិតជូនដំណឹងឱ្យបំពេញបន្ថែមចំណុចខ្វះខាត ហើយគណបក្សនយោបាយ ចំនួន៣ បានបំពេញត្រឹមត្រូវជូន គ.ជ.ប វិញ គឺគណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សខ្មែរឈប់ក្រ៕