(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង បណ្តាលឲ្យរងការខូចខាតអស់៣០ភាគរយ កើតឡើងនៅវេលាម៉ោង១១៖៥០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិថ្មគោ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង ដោយប្រេីប្រាស់ទឹកអស់៧ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ទីតាំងផ្ទះដែលអគ្គិភ័យឆាបឆេះ មានម្ចាស់ឈ្មោះ គុជ វ៉ាន្នី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរម្ចាស់គ្រឿងសង្ហារឹម។ ប្រភេទសំណង់ដែកប្រក់សង្ក័សី ទំហំ៧ម៉ែត្រ គុណ២០ម៉ែត្រ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្ដទៀតថា ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺបណ្តាលឲ្យឆាបឆេះខូចខាតសម្ភារៈប្រេីប្រាស់ខាងលេីប្រហែល៣០% តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន និងរថយន្តកងពលតូចលេខ៧០ ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន២ឡាន។

នៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕