(ភ្នំពេញ)៖ លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា នៅពេលថ្មីៗ បាន​សម្រេចចិត្តចូលរួមធ្វើការងារជាមួយរាជរដ្ឋាភិបាល ហើយត្រូវបានសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទូលថ្វាយព្រះមហាក្សត្រតែងតាំងជា​រដ្ឋ​មន្ត្រី​ប្រតិភូអម​នា​យក​រដ្ឋមន្ត្រីថែមទៀតផង។

ការប្តូរការងារពីផ្នែកអង្គការក្រៅរដ្ឋាភិបាល មកបម្រើការងារក្នុងរាជរដ្ឋាភិបាល​វិញ​នេះ នាំឱ្យមានការភ្ញាក់ផ្អើល និងកើតមានការប្រតិកម្មច្រើនផងដែរ។ អ្នកខ្លះសម្តែង​ការ​​សា​ទរ ហើយអ្នកខ្លះទៀត ក៏សម្តែងនូវមតិយោបល់បែបបញ្ចើចបញ្ចើដាក់លោក ព្រាប កុល ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីការចូលរួមធ្វើការបម្រើជាតិកាលពីដើមសប្តាហ៍កន្លង​ទៅនេះ លោក ព្រាប កុល បានថ្លែងថា ការសម្រេចចិត្តចូលរួមធ្វើការជាមួយ​រាជ​រដ្ឋា​ភិ​បាល គឺជាបំណង និងឧត្តមគតិរបស់លោកក្នុងការប្រើយន្តការរាជរដ្ឋាភិបាល ដើម្បី បម្រើជាតិមាតុភូមិ តាមរយៈចំណេះជំនាញដែលលោកមាន។ លោកបាន​បន្ថែម​ថា ទោះនៅអង្គការក្រៅរដ្ឋាភិបាល ឬនៅជាមួយរាជរដ្ឋាភិបាល ក៏លោកនៅតែ​តម្កល់​​​ឧត្តមគតិរបស់លោក គឺបម្រើជាតិ គ្រាន់តែលោកផ្លាស់ប្តូរមធ្យោបាយ​ក្នុងការ​ធ្វើ​ការ​តែ​ប៉ុណ្ណោះ។

បើតាមលោក ព្រាប កុល ការងារដែលលោកនឹងជួយរាជរដ្ឋាភិបាលនោះ គឺការងារ​ផ្នែក​​កំណែទម្រង់អភិបាលកិច្ច កិច្ចការអន្តរជាតិ និងទំនាក់ទំនងផ្នែកវិនិយោគជា​ដើម​។

ឆ្លើយតបនឹងការលើកឡើងថា ចូលរាជរដ្ឋាភិបាល ដើម្បីតំណែង និងលាភសក្ការៈ​នានា​នោះ លោក ព្រាប កុល បានតបថា ក្នុងតំណែងជាថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋា​ភិបាល និងមានអាជីវកម្មផ្នែកអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា លោកអាចរស់នៅ​បានដោយសមរម្យ មិនមានសម្ពាធផ្នែកហិរញ្ញវត្ថុនោះឡើយ។ ជាមួយគ្នានោះ តាម​រយ​ៈតួនាទីជាមួយអង្គការក្រៅរដ្ឋាភិបាលកន្លងមក លោកបានដើររហូតដល់ជាង ៨០ប្រទេស និងជួបមេដឹកនាំប្រទេស និងស្ថាប័នធំៗជាច្រើនលើពិភពលោក គេ​បាន​ផ្តល់តម្លៃ ផ្តល់កិត្តិយស ដូច្នេះលោកមានកិត្តិយសគ្រប់គ្រាន់ ដោយមិនត្រូវ​អ្វី​ទៀតនោះឡើយ ក្រៅតែពីការចង់ជួយជាតិនោះ។

លោក ព្រាប កុល បានគូសបញ្ជាក់បែបនេះ «សម្រាប់ខ្ញុំ ខ្ញុំស្គាល់ឧត្តមគតិខ្ញុំ​ច្បាស់​ណាស់។ បងប្អូនខ្លះ ប្រហែលជាស្គាល់ឧត្តមគតិរបស់ខ្ញុំ តិចជាងខ្ញុំទេ។ ឧត្តមគតិ​របស់​​ខ្ញុំ គឺបម្រើជាតិមាតុភូមិ តាំងពីពេលមុន ឥឡូវនេះ ហើយតទៅមុខទៀត អត់ដូរ​ទេ។ ខ្ញុំអាចផ្លាស់ប្តូរទីតាំងនៃការធ្វើការបម្រើជាតិ បងប្អូនដឹងហើយបម្រើ​ជាតិ មាន​ច្រើន​ទីតាំងណាស់»។

បើទោះបីមិនទោមនស្សចំពោះអ្នករិះគន់ ឬអ្នកបញ្ចើចបញ្ចើឱ្យខ្លួនយ៉ាងណាក្តី តែ​លោក ព្រាប កុល បានស្នើឱ្យប្រជាពលរដ្ឋខ្មែរជាគោរពការសម្រេចចិត្តរបស់អ្នកដទៃ ដើម្បីកែលំអរវប្បធម៌នយោបាយនៅកម្ពុជា ហើយធ្វើឱ្យសង្គមជាតិគ្មានការបែក​បាក់​។

លោក ព្រាប កុល បានអំពាវនាវបែបនេះ «ខ្ញុំសូមបងប្អូនយើង នៅក្នុងសង្គមប្រជា​ធិប​តេយ្យ ដើម្បីឱ្យប្រទេសយើងអាចរួប​រួមគ្នា អាចផ្សះផ្សារគ្នាបាន យើងត្រូវកែលំអរ​វប្ប​ធម៌នយោបាយច្រើនណាស់។ [...] ខ្ញុំសំណូមពរបងប្អូនយើងចេះគោរពការ​សម្រេច​ចិត្ត ការជ្រើសរើសរបស់គេ ទោះបីគេជ្រើសរើសយ៉ាងម៉េចក៏ដោយ។ សេរីភាព​នៃការជ្រើសរើស បងប្អូនចង់ធ្វើការងារនៅវិស័យឯកជន គោរពសិទ្ធិរបស់​គាត់ ចង់ធ្វើការសង្គមស៊ីវិល គោរពសិទ្ធិរបស់គាត់ ចង់ធ្វើការនៅគណបក្ស​នយោបាយ​ណា គោរពសិទ្ធិសេរីភាពរបស់គាត់ គាត់ចង់សម្រាកនៅផ្ទះអត់ធ្វើអី គោរពសិទ្ធិសេរីភាពរបស់គាត់។ អាហ្នឹងជាគោលការណ៍ប្រជាធិបតេយ្យ កុំគ្រាន់តែគេធ្វើការងារនេះ យើងទើសអត់ត្រូវចិត្ត យើងទៅចោទគេអ៊ីចេះ បែបនេះមិនធ្វើឱ្យសង្គមយើងវិវឌ្ឍន៍ទៅរកភាពចាស់ទុំនយោបាយទេ។ យើងគួរតែបើកចិត្តឱ្យទូលាយ ហើយកុំអាលឆាប់ធ្វើការសន្និដ្ឋាន វាយតម្លៃ លាបពណ៌ ទម្លាប់នេះ ខ្ញុំគិតថាយើងគួរនាំគ្នាកាត់បន្ថយ»

លោក ព្រាប កុល ក៏បានអំពាវនាវដល់អ្នកដែលគោរព អ្នកដែលស្រឡាញ់លោក កុំ​គោ​រពស្រឡាញ់លោក ហើយព្យាយាមដាក់លក្ខខណ្ឌនយោបាយឱ្យលោក។ កុំ​ស្រឡាញ់​លោក ព្រោះតែលោកគាំទ្របក្សនយោបាយ ឬប្រឆាំងបក្ស​នយោបាយ​ណាមួយ។

សូមបញ្ជាក់ថា លោក ព្រាប កុល ជាបញ្ញវន្តខ្មែរមួយរូបដែលមានការសិក្សាខ្ពង់ខ្ពស់ ហើយលោកបានបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាលកម្រិតអន្តរជាតិអស់រយៈពេលប្រមាណជា ២០ឆ្នាំ។ លោក ព្រាប កុល បានលាឈប់តំណែងពីប្រធានអង្គការ​តម្លា​ភាព​នៅឆ្នាំ២០២០ ហើយបានប្រឡូកក្នុងការងារអាជីវកម្មអចលនទ្រព្យ​នៅក្រុម​ហ៊ុនដ៏ល្បី​មួយ ដែលគ្រប់គ្រងដោយភរិយារបស់លោក។

តាមរយៈការងារ និងអាជីវកម្មផ្នែកអចលនទ្រព្យ លោក ព្រាប កុល ក៏ជាអ្នកមានកេរ្តិ៍​ឈ្មោះ និងមានធនធានមួយរូបនៅកម្ពុជា៕