(សៀមរាប)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយសមាគមកាយរិទ្ធនារីកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំបណ្តុះបណ្តាលបង្កើនសមត្ថភាពពីបញ្ហា គ្រឿងញៀន ដល់សមាជិកសកម្ម «ក្រុមវឌ្ឍនៈនារី» ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងសហគមន៍។

ថ្លែងក្នុងនាម លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមនារីកម្ពុជា ក្នុងឱកាសនោះ លោកស្រី ធៀង កតិកា ប្រធានក្រុមប្រឹក្សានៃសមាគមកិច្ចកាយរិទ្ធនារីកម្ពុជាសាខាខេត្តសៀមរាប បានមានមតិស្វាគមន៍ និងការចូលរួមសកម្មភាពជួយសង្គម តាមគោលការណ៍សមាគម បម្រើដោយស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការបណ្តុះបណ្តាលនេះ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្ថែមថា បញ្ហាគ្រឿងញៀនជាបញ្ហារួមហើយមានតែការចូលរួមជួយធ្វើសកម្មភាពព្រមៗគ្នា តាមវិស័យរបស់យើងទាំងអស់គ្នាទេ ទើបអាចប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាឃាតករលាក់មុខនេះបាន ហើយសកម្មភាពចូលរួមរបស់សមាគមកាយរិទ្ធនារីកម្ពុជាកន្លងមក ពិតជាបានឆ្លើយតបនូវយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលចូលរួម កាត់បន្ថយបាននូវបញ្ហាគ្រឿងញៀនក្នុងសហគមន៍។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់ដឹងបន្ថែមទៀតថា តាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថា ក្នុងចំណោមអ្នកប្រើនិងអ្នកញៀនគ្រឿងញៀនកំពុងស្នាក់នៅព្យាបាលផ្តាច់ភាពញៀនគ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលចំនួន ៤៥៥០នាក់ មានអាយុ១៨ឆ្នាំទៅ២៥ឆ្នាំ មានចំនួន១៤៩៤នាក់ ហើយនៅខេត្តសៀមរាប មានកន្លែងព្យាបាលអ្នកញៀនគ្រឿងញៀនតាមសហគមន៍៧កន្លែង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលសុខភាពទឹកវិល មន្ទីរពេទ្យបង្អែកក្រឡាញ់ មន្ទីរពេទ្យបង្អែកសូទ្រនិគម មណ្ឌលសុខភាពកំពង់ក្តី មន្ទីរពេទ្យបង្អែកអង្គរជុំ មន្ទីរពេទ្យបង្អែកពួក និងព្យាបាលនៅមជ្ឈមណ្ឌលចំនួន ១កន្លែង៕