(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋានទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ ពីប្រជាពលរដ្ឋ ក្រៅសេវាឲ្យសោះ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយ សង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា «ប្រជាជនយើងស៊ីវីល័យហើយ ដូច្នេះយើងជាមន្ត្រីបំរើសេវាជូនពួកគាត់ត្រូវតែស៊ីវីល័យ ពោលគឺការផ្តល់សេវាជូនពួកគាត់ត្រូវតែធ្វើឡើងឲ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ពួកគាត់ក្រៅសេវាឲ្យសោះ»។

លោកបន្តទៀតថា «ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ រួមមាន៖

*ទី១៖ ត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន
*ទី២៖ ការកាត់ចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតំលៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឲ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឲ្យបានត្រឹមត្រូវ ទៅតាមវិជ្ជាជីវៈ។

ទោះជាយ៉ាងណាក្តី លោក ឃួង ស្រេង ក៏បានកោតសរសើរមន្ត្រីទាំង១៤ខណ្ឌ ដោយលោកបញ្ជាក់ថា មន្ត្រីទាំងអស់បានបំរើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បន្តទៀតថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបើកកិច្ចប្រជុំធំៗជាច្រើន ទទួលបានជោគជ័យ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែឧសភា កន្លងមកនេះ ប្រទេសកម្ពុជា ក៏បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយជោគជ័យ ទទួលបានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។ ទាំងនេះពិតជាកើតឡើងពីការចូលរួមចំណែក យ៉ាងពិតប្រាកដ ពីសំណាក់មន្ត្រីនៅថ្នាក់មូលដ្ឋានរបស់យើង។

គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលខាងលើនេះលោក ឃួង ស្រេង បានប្រគល់កុំព្យូទ័រ ព្រីនធ័រ ចំនួន១០៥គ្រឿង ជូនយន្តការច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ដោយក្នុងមួយសង្កាត់ទទួលបានកុំព្យូទ័រ មួយគ្រឿង និងព្រីនធ័រ មួយគ្រឿង សម្រាប់យកទៅបំពេញការងារ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា៕