(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៣ ពីសប្បុរសជន អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»

ថវិកា និងសម្ភារដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រមូលបានដើម្បីប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក គួច ចំរើន បានថ្លែងអំណរគុណចំពោះសប្បុរសជន អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមសកម្មភាពការងារសង្គមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីឲ្យសាខាមានថវិកា សម្ភារៈ និងធនធានយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀង ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា មិនទុកឲ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវលោក លោកស្រី សប្បុរសជន អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋខេត្តព្រះសីហនុបន្តជួយឧបត្ថម្ភគាំទ្រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបន្តទៀត ដើម្បីឲ្យសាខាមានធនធានថវិកា សម្ភារៈចែកជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្នានទីពឹង កុមារកំព្រា ស្ត្រីម៉េម៉ាយមានកូន។

សាខាកាកបាទក្រហមខេត្តព្រះសីហនុ រង់ចាំទទួលការបរិច្ចាគរបស់បងប្អូនគ្រប់ពេលវេលា មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺធ្វើយ៉ាងណាឲ្យតែបងប្អូនមានសទ្ធាក្នុងការចូលរួមបរិច្ចាកមកសាខាទោះបីថវិកា ឬសម្ភារៈតិច ឬច្រើន។

គួរបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលថវិកាក្នុងឱកាស ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣ លើកទី១ ទទួលបានថវិកាចំនួន១២៥,៥១៥,០០០រៀល និង៣៣៥,៣៧២ដុល្លាអាមេរិក និងលើកទី២ ទទួលថវិកាចំនួន ១៣២,៨៦៥,០០០រៀល និង ៣៥៧,៧៧២ដុល្លាអាមេរិក៕