(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជសុខភាពល្អប្រសើរវិញហើយ បន្ទាប់ពីសម្ដេច ជាអម្ចាស់ បានយាងព្យាបាលព្រះរាជអាពាធ ដោយវះកាត់ថង់ប្រមាត់ នៅមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមការថ្លែងឱ្យដឹងពីលោក ងួន ស្ដេចភក្ដី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាព្រះរាជជំនួយការផ្ទាល់ សម្ដេចព្រះអភិសិរី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ងួន ស្ដេចភក្ដី បានរម្លឹកឱ្យដឹងថា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បានយាងចូលសម្រាកព្យាបាលព្រះរាជអាពាធនៅមន្ទីរពេទ្យកាល់ម៉ែត តាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់តាមដានព្រះរាជសុខភាពដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមវេជ្ជបណ្ឌិតចំណានៗ។

លោកបន្ថែមថា «ដោយសារថង់ទឹកប្រមាត់សម្ដេចមានសភាពខាប់ខ្លាំង ដូច្នេះក្រុមវេជ្ជបណ្ឌិត បានសម្រេចវះកាត់ថង់ប្រមាត់ចេញ»

ក្នុងរយៈពេល១សប្ដាហ៍ នៃការគង់សម្រាកព្យាបាលព្រះរាជសុខភាពរបស់សម្ដេចព្រះអភិសិរី លោក ងួន ស្ដេចភក្ដី បានបញ្ជាក់មកកាន់សារព័ត៌មានទៀតថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្វាយព្រះពរសម្ដេច ហើយឥស្សរជនថ្នាក់ដឹកនាំជាតិ ព្រះមន្រ្តីសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គ និងនាក់ ក៏បាននិមន្តនិងអញ្ជើញមកបង្គំថ្វាយសួរសុខទុក្ខសម្ដេចដល់មន្ទីរពេទ្យដែរ។

ក្នុងរយៈពេល១សប្ដាហ៍ នៃការគង់សម្រាកព្យាបាលព្រះរាជសុខភាពរបស់សម្ដេចព្រះអភិសិរី លោក ងួន ស្ដេចភក្ដី បានបញ្ជាក់ទៀថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្វាយព្រះពរសម្ដេច ហើយឥស្សរជនថ្នាក់ដឹកនាំជាតិ ព្រះមន្រ្តីសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គ និងនាក់ ក៏បាននិមន្តនិងអញ្ជើញមកបង្គំថ្វាយសួរសុខទុក្ខ សម្ដេចដល់មន្ទីរពេទ្យដែរ។

សូមបញ្ជាក់ជូនថា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ទ្រង់ប្រសូតនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំវក ព.ស. ២៤៨៨ ត្រូវនឹងថ្ងៃ ទី១១ ខែមករា ឆ្នាំ១៩៤៥ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានព្រះបិតា នាម បួរ វ៉ាន ព្រះមាតានាម ជា ជួន។ បើតាមលោក ងួន ស្ដេចភក្ដី ប្រសិនបើគ្មានការប្រែប្រួលអ្វីទេនោះ សម្ដេចព្រះអភិសិរី នឹងយាងចេញពីមន្ទីរពេទ្យនៅល្ងាចថ្ងៃទី១៩ ខែសភានេះហើយ៕