(ព្រៃវែង)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាចុះជួយឃុំកំពង់ត្របែក និងលោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមការងាចុះជួយឃុំកំពង់ត្របែក រួមទាំងក្រុមការងារ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ នាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ១០០គ្រួសារ នៅឃុំកំពុងត្របែក ខេត្តព្រៃវែង។

នាឱកាសនោះលោក ហាស់ សារ៉េត បានជួបសំណេះសំណាលដោយក្តីរីករាយជាមួយប្រជាពលរដ្ឋ ដោយលោកលើកឡើងពីវីរភាព និងភាពការលះបង់តស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត ដែលបានលះអាយុជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ជាមួយគ្នានេះ លោក ហាស់ សារ៉េត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសបន្តទៅមុខទៀត និងរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាបន្តបន្ទាប់ទៀតផងដែរ។

លើកឡើងនាឱកាសនោះ លោកឧកញ៉ា ឆាយ សុធា ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងមូលដ្ឋានឃុំកំពង់ត្របែក និងបានអះអាដែរថា សម្តេចក្រឡហោម តែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតពីនិន្នាការណ៍នយោបាយនោះឡើយ។

លោកឧកញ៉ា ឆាយ សុធា បានបន្ថែមដែរថា អំណោយទាំងនេះថ្វីដ្បិតតែមិនគ្រប់នូវតម្រូវការរបស់ប្រជាពលរដ្ឋ តែក៏អាចជួយដោះស្រាយនូវជីវភាពបានមួយគ្រា ហើយអំណោយនេះដែរក៏ជាការបង្ហាញពីទឹកចិត្តដ៏ល្អប្រពៃរបស់ សម្តេចក្រឡាហោម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាដែលមានទុកដោយមិនមានការគិតគូរពីសម្តេចនោះឡើយ ហើយសម្តេចក្រឡាហោម ក៏នឹងនៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចក្រឡាហោម ស ខេង ដែលបានប្រគលជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង ១០០គ្រួសារនាឱកាសនោះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ និងថវិកា ២០,០០០រៀល៕