(ភ្នំពេញ)៖ បន្ទាប់ពីព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើក​ដំបូងនៅកម្ពុជា បន្ទាប់ពីរង់ចាំរយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងដោយរលូនគួរជាទីមោទនៈ និងជាប្រវត្ដិសាស្ដ្រដ៏អស្ចារ្យ ដែលធ្វើឱ្យមហាជនជាតិ និងអន្ដរជាតិស្ងើចសរសើរ និងបានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយនេះនឹងក្លាយ ជាចលករថ្មីមួយទៀតគាស់ជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងថែមមួយកម្រិតទៀត។

នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON Hotel Co. LTD និងជាពាណិជ្ជករនៅកម្ពុជា ប្រាប់ណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

អគ្គនាយកក្រុមហ៊ុន SUN & MOON Hotel Co. LTD និងជាពាណិជ្ជករនៅកម្ពុជា បានថ្លែងបន្ដថា អស់រយៈពេល៦៤ឆ្នាំកន្លងផុតទៅហើយ តាំងពីកម្ពុជាយើងរៀបចំប្រកួតកីឡាហ្គានេហ្វូ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦មក កម្ពុជាយើងមិនដែលបានធ្វើជាម្ចាស់ផ្ទះម្ដងណាទៀតឡើយ ទើបតែព្រឹត្ដិការណ៍ស៊ីហ្គេម លើកទី៣២នេះ ដែលមានការរៀបចំឡើង ដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខកំពូលបានចង្អុលបង្ហាញផ្ទាល់ និងគណៈកម្មាធិការទាំងអស់ ក្រោមឱវាទ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដែលនាំឱ្យព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ អាចប្រព្រឹត្ដទៅបានយ៉ាងជោគជ័យ។

អ្នកឧកញ៉ាបណ្ឌិតបានថ្លែងបន្ដថា យើងបានដឹងហើយថា ព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ បានក្លាយជាការចងចាំដ៏មានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់ប្រតិភូ និងអត្ដពលិកទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ពិសេសពិធីបើក និងបិទនៃព្រឹត្ដិការណ៍នេះ នៅពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត បានបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ រួមទាំងប្រពៃណី វប្បធម៌ អរិយធម៌ មានទាំងក្បាច់គុណបុរាណ (ក្បាច់គុនល្បុក្កតោ) ដែលមានអត្ថន័យ ខ្លឹមសារបានយ៉ាងល្អអស្ចារ្យពុំធ្លាប់កើតមាន ដោយមានការសាទរ និងអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករជាទីបំផុតទាំងភ្ញៀវជាតិ និងអន្ដរជាតិ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បន្តថា «រាជរដ្ឋាភិបាលបានចំណាយធនធានជាច្រើនរយលានដុល្លារ ដើម្បីឱ្យព្រឹត្ដិការណ៍មួយនេះ ​ប្រព្រឹត្ដទៅបានយ៉ាងល្អប្រសើរ ពិសេសការផ្ដល់ជូ​ននូវប្រតិភូកីឡាទាំងអស់ ទាំងការស្នាក់នៅ ការហូបចុក និងដឹកជញ្ជូន ដោយឥតគិតថ្លៃ ដែលបង្ហាញថា "ប្រទេសតូច តែបេះដូងធំ" ដែលពុំធ្លាប់កើតមាននៅតាមបណ្ដាប្រទេសនៅអាស៊ី ដែលជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ ការយកចិត្ដទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលយើង បានល្បីរន្ទឺលើឆាកអន្ដរជាតិ ដែលទទួលបានការកោតសរសើរ និងការថ្លែងអំណរគុណពីបណ្ដាប្រទេសជាមិត្ដ។ ទាំងនេះជាគុណប្រយោជន៍ល្អណាស់ សម្រាប់ប្រជាជនយើង និងប្រជាជាតិយើង ហើយក៏ជាចលករមួយគាស់ជំរុញសេដ្ឋកិច្ចកម្ពុជាយើង ឱ្យងើបឡើងមួយកម្រិតថែមទៀត លើគ្រប់វិស័យ ដូចជាវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗទៀតជាដើម»

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ និងជាពាណិជ្ជករម្នាក់ ដែលបានរស់នៅក្នុងកម្ពុជា បានយល់ឃើញថា ព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ពិតជាអស្ចារ្យ អស្ចារ្យក្រៃលែង ដែលមិនអាចពិព័រនាឱ្យអស់អត្ថន័យបាននោះទេ»

សូមជម្រាបថា បន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាង​ប្រទេស​ពី​​ភ្លើង​​សង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួនទទួល​រៀប​ចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ ការប្រកួតត្រូវបានចាប់ផ្តើម​នៅថ្ងៃទី​២៩ ខែមេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែ​ឧសភា និងបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលប្រមាណជា ១៦ថ្ងៃ ជាលទ្ធផលកីឡាករ កីឡាការិនីមកពីប្រទេសវៀតណាមឈរលេខរៀងទី១ ជាមួយមេដាយសរុប៣៥៥ (មាស ១៣៦, ប្រាក់ ១០៥, សំរឹទ្ធ ១១៤), ប្រទេសថៃ ឈរលេខរៀងទី២ ជាមួយ​មេដាយសរុប៣១២ (មាស ១០៨, ប្រាក់ ៩៦, សំរឹទ្ធ ១០៨), ប្រទេសឥណ្ឌូនេស៊ី ឈរលេខរៀងទី៣ ជាមួយមេដាយសរុប២៧៦ (មាស ៨៧, ប្រាក់ ៨០, សំរឹទ្ធ ១០៩)​​។ ដោយឡែកកម្ពុជាជាម្ចាស់ផ្ទះ ឈរនៅលេខរៀងទី៤ ជាមួយមេដាយ​សរុប​២៨២ (មាស ៨១, ប្រាក់ ៧៤, សំរឹទ្ធ ១២៧), ហ្វីលីពិន ឈរលេខរៀងទី៥ ជាមួយ​មេដាយសរុប២៦០, សិង្ហបុរី ឈរលេខរៀងទី៦ ជាមួយមេដាយសរុប១៥៧, ម៉ាឡេស៊ី ឈរលេខរៀងទី៧ ជាមួយមេដាយសរុប១៧៦, មីយ៉ាន់ម៉ា ឈរលេខរៀង​ទី៨ ជាមួយមេដាយសរុប១១៤, ឡាវ ឈរលេខរៀងទី៩ ជាមួយមេដាយសរុប៨៨, ព្រុយណេ ឈរលេខរៀងទី១០ ជាមួយមេដាយសរុប៩ និងប្រទេសទីម័រខាងកើត ឈរលេខរៀងទី១១ ជាមួយមេដាយសរុប៨។

បើទោះបីស៊ីហ្គេមត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា តែក្រោមស្មារតីតែ​មួយ គឺ «ដើម្បីជាតិ» បានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានប្រព្រឹត្ត​ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ និងប្រកបដោយមោទនភាពជាទីបំផុត​សម្រាប់​​​កម្ពុជា។ មិនត្រឹមតែអាចរៀបចំព្រឹត្តិការណ៍ប្រកួតដោយជោគជ័យនោះទេ តែកម្ពុជា ក៏បានបំបែកកំណត់ត្រាក្នុងការរកមេដាយបានច្រើនបំផុតក្នុងប្រវត្តិកីឡា​ស៊ីហ្គេម​នេះផងដែរ។

ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម។ ពិសេសការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម៕