(ត្បូងឃ្មុំ)៖ លោក ស៊ឹម សុធន រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានចុះប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រចំនួន១គ្រួសារ រស់នៅភូមិទឹកយង់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច សាខាមូលនិធិជនពិការខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីមូលដ្ឋានជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីនេះ លោក ស៊ឹម សុធន មានប្រសាសន៍ថា តាំងពីឆ្នាំ២០១៩មក មូលនិធិជនពិការ បានសាងសង់ផ្ទះជូនជនពិការក្រីក្រចំនួន ៣៨ខ្នងរួចមកហើយទូទាំងប្រទេស។

លោកបន្តថា ចំពោះផ្ទះទាំង១ខ្នងនេះ គឺប្រើប្រាស់ថវិកាអស់ចំនួន ២០លានរៀល ដែលជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងថវិកាពីសប្បុរសជននានាដែលបានចូលរួមបរិច្ចាគថវិកាចូលហិបប្រាក់វិភាគទានសប្បុរធម៌មូលនិធិជនពិការ។ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខពីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរបស់បងប្អូនជនពិការ។

លោកបានបន្ថែមថា តាមរយៈផ្ទះថ្មី១ខ្នងនេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនពិការក្រីក្រ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារជនពិការឱ្យទទួលបានសុខុមាលភាព និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។

បន្ថែមលើពីនេះ លោក ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ចក៏បានចូលរួមថវិកាចំនួន ១០ម៉ឺនរៀល ព្រមជាមួយគ្នានេះសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏បានចូលរួមជាអំណោយមួយចំនួនរួមមាន មុង១ ភួយ១ កន្ទេល១ ក្រម៉ា១ សាប៊ូ និងខ្នើយ ដល់គ្រួសារជនពិការផងដែរ៕