(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បន្តអះអាងជាថ្មីថា ការផ្តន្ទាទោសលើជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរ​មានរបស់កម្ពុជា ដែល​ជា​ការ​ពង្រឹងនីតិរដ្ឋនៅកម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រឆាំង​ដាច់​​ខាត​រាល់ការប៉ុនប៉ង​ទាំង​ឡាយណា តាមរយៈការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលបំណងជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬប៉ុនប៉ងផ្តួលរំលំរាជរដ្ឋា​ភិបាល​ស្របច្បាប់តាមរយៈបដិ​វត្ត​ពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជា​គ្រោះ​ថ្នាក់ដ៏ធ្ងន់ធ្ងរនាំដល់ការបំផ្លិច​បំផ្លាញ​សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និង​ភាពសុខសាន្តរបស់​ប្រជា​ជន​កម្ពុជា៕